លោក Duterte ចូលសវនាការ ICC តាមតំណភ្ជាប់វីដេអូ

បរទេស៖ អតីតប្រធានាធិបតី ប្រទេសហ្វីលីពីន លោក Duterte កាលពីថ្ងៃសុក្រ បានចូលរួមសវនាការ របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ ICC ជុំវិញសង្គ្រាមគ្រឿងញៀន តាមរយៈតំណភ្ជាប់វីដេអូ។

លោក Duterte បានចូលសវនាការរបស់ ICC លើកដំបូង ខណៈដែលលោកប្រឈមមុខនឹងការចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជុំវិញការបង្រ្កាបគ្រឿងញៀនដ៏សាហាវ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់។

អំឡុងពេលសវនាការខ្លី នាពេលនោះ បុរសអាយុ៧៩ឆ្នាំ ដែលជាអតីតប្រមុខរដ្ឋអាស៊ីដំបូងគេ ត្រូវបានចោទប្រកាន់ដោយ ICC រូបនេះ ត្រូវបានគេជូនដំណឹង អំពីឧក្រិដ្ឋកម្ម ដែលគេចោទប្រកាន់រូបលោក។ ដោយមានសំឡេងស្រទន់ និងស្លៀកឈុតអាវធំ ពណ៌ខៀវ លោកបាននិយាយយ៉ាងខ្លី ដើម្បីបញ្ជាក់ពីឈ្មោះ និង ថ្ងៃ ខែ ឆ្នាំកំណើត របស់លោក។

ប្រធានចៅក្រម លោកស្រី Motoc បានអនុញ្ញាតឱ្យលោក អនុវត្តតាមនីតិវិធី កំបាំងមុខ ដោយសារ ការហោះហើរដ៏យូររបស់លោក ទៅកាន់ទីក្រុងឡាអេ។ មេធាវីរបស់លោក Duterte បានប្រាប់តុលាការថា កូនក្តីរបស់ខ្លួន កំពុងមានបញ្ហាសុខភាព កាន់តែធ្ងន់ធ្ងរ មិនអាចចូលរួមផ្ទាល់ ក្នុងសវនាការនេះបានទេ ក្រៅតែ បង្ហាញពីអត្តសញ្ញាណបែបនេះ។

លោក Duterte ហាក់ដូចជាងងុយដេក ក្នុងអំឡុងពេលដំណើរការនីតិវិធី ដោយបិទភ្នែក ជាញឹកញាប់ ក្នុងរយៈពេលយូរ។ ប៉ុន្តែ លោកស្រី Motoc បានប្រាប់លោក Duterte ថា «វេជ្ជបណ្ឌិតតុលាការយល់ថា លោកដឹងស្មារតី ពេញលេញ»។

លោកស្រី បានកំណត់ កាលបរិច្ឆេទ ថ្ងៃទី២៣ ខែកញ្ញា សម្រាប់ដំណាក់កាលបន្ទាប់ នៃដំណើរការសវនាការ ដើម្បីបញ្ជាក់ពីការចោទប្រកាន់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner