សហព័ន្ធកីឡាហាប់គីដូ ទោះប្រឈមនិងកង្វះថវិកា នៅតែរិះរកគ្រប់មធ្យោបាយជាបន្តបន្ទាប់ ចូលរួមការប្រកួតថ្នាក់ជាតិ និង អន្តរជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាហាប់គីដូ បានកោះហៅសមាជិកសមាជិកា និងថ្នាក់ដឹកនាំដែលជាក្បាលម៉ាស៊ីន មកជួបប្រជុំ ដើម្បីស្វែងរកណោះស្រាយបញ្ហាប្រឈម និងសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៤ និង ស្វែងរកគន្លឹះ បន្តដំណើរសម្រាប់ចក្ខុវិស័យក្នុងឆ្នាំ២០២៥ ។
កិច្ចប្រជុំនេះ បានធ្វើឡើង នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ក្រោមវត្តមាន លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធកីឡាហាប់គីដូ និង លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូ និងសមាជិកាសមាជិការ ជាច្រើនរូបផងដែរ។
លោក គង់ ចាន់ធីណា បានគូសបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងទៅសហព័ន្ធកីឡាហាប់គីដូ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍដើម្បីឈានឆ្ពោះទៅរកសក្កានុពលដូចប្រភេទកីឡាសក្កានុពលមួយចំនួន បើទោះបីជួបបញ្ហាប្រឈមមួយចំនួន ដោយកង្វះថវិកា លើការបណ្តុះបណ្តាលធនធានកីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាលចៅក្រម និងការញ្ជូនកីឡាករទៅប្រកួតនៅក្រៅប្រទេសជាដើម។ តែទោះជាជួបបញ្ហាប្រឈមយ៉ាងណាក្តី ក៏សហព័ន្ធខិតខំកៀគររកសប្បុរសជន និងកៀគរសមាជិកាសមាជិកា ប្រមូលបានថវិកាបង្កើតបានជាវគ្គបណ្តុះបណ្តាលខ្លី ទាំងក្នុងស្រុក និងបញ្ជូនទៅចូលរួមវគ្គនៅក្រៅប្រទេស បន្ថែមពីនោះ សហព័ន្ធក៏បានដឹកនាំកីឡាករកីឡាការិនីចេញទៅប្រកួតនៅក្រៅប្រទេស ដោយទទួលបានមេដាយត្រឡបមកវិញជូនសហព័ន្ធផងដែរ ។
លោក អគ្គលេខាធិការ សហព័ន្ធរូបនេះ ក៏បានប្តេជ្ញាចិត្តថា បើទោះបីការបោះជំហានរបស់សហព័ន្ធមានការអភិវឌ្ឍយឺតជាងសហព័ន្ធផ្សេងៗដោយប្រឈមនិងកង្វះថវិកា ក៏សមាជិកសមាជិកនៅតែបន្តដំណើររួមគ្នារិះរកគ្រប់មធ្យោបាយ ដើម្បីឱ្យសហព័ន្ធកីឡាមួយនេះអាចនិងបន្តសកម្មភាពចូលរួមទាំងការប្រកួតថ្នាក់ជាតិនិងអន្តរជាតិ។
លោក គួច ហុងជៀក ប្រធានស្តីទី បានមានប្រសាសន៍ដែរថា សម្រាប់ទិសដៅក្នុងឆ្នាំ២០២៥នេះ សហព័ន្ធមានគោលដៅធំៗចំនួន២ដែលជាភារកិច្ចត្រូវបំពេញ ហើយ ភារកិច្ចធំៗទាំងពីរនេះ សហព័ន្ធប្តេជ្ញាចិត្ត និងសម្រេចឱ្យបានតាមផែនការដែលបានគ្រោងទុក ទី១បញ្ជូនអត្តពលិកចូលរួមការប្រកួតនៅអន្តរជាតិ ដើម្បីបង្ហាញវត្តមានកីឡាករកីឡាការិនី និងនាំយកមេដាយមកជូនជាតិ ទី២ នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ចម្រាញ់ជ្រើសរើសបានធនធានឆ្នើម មកបង្វឹកបំប៉ន ដើម្បីអភិវឌ្ឍសមត្ថភាពក្លាយជាអត្តពលិកមានសក្កានុពល។
ទន្ទឹមជាមួយគ្នានេះដែរ លោក ប្រធានស្តីទីក៏ទូចអំពាវនាវដល់វិស័យឯកជននិងសប្បុរសជនចូលរួមជួយដល់សហព័ន្ធកីឡាហាប់គីដូ ដើម្បីឱ្យសហព័ន្ធមានធនធានដើម្បីបណ្តុះបណ្តាលគ្រូបង្វឹកចៅក្រមនិងអាជ្ញាកណ្តាល ពិសេស គឺជួយផ្តល់លទ្ធភាពឱ្យសហព័ន្ធបានបញ្ជូនកីឡាករកីឡាការិនីនៅចូលរួមប្រកួតនៅក្រៅប្រទេសដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងដណ្តើមយកមេដាយមកជូនជាតិ។ព្រោះមានតែវិស័យឯកជន និងសប្បុរសជនតែប៉ុណ្ណោះ ដែលមានលទ្ធភាពធនធាន ជួយរួមចំណែកអភិវឌ្ឍន៍កីឡាវិស័យកីឡា បើគ្មានការជួយឧបត្ថម្ភពីវិស័យឯកជននោះទេ វិស័យកីឡាក៏មិនអាចរីកចម្រើនទៅមុខកើតដែរ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ






