ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញ កាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណនិងស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុន TotalEnergies និងដៃគូវិនិយោគជាច្រើនផ្សេងទៀត ដែលមានបំណងចូលរួមក្នុងការការពនារបរិស្ថាន រួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដើម្បីកម្ពុជាឈានឆ្ពោះទៅសម្រេចគោលដៅ ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នាទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងសង្កត់ធ្ងន់ពីសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការ របស់ក្រសួងបរិស្ថានជាមួយដៃគូ វិស័យឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថាន និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

ក្នុងជំនួបនេះ លោក Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព ដោយសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបំភាយឧស្ម័ន តាមរយៈវិនិយោគលើថាមពលកកើតឡើងវិញ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការវិនិយោគលើគម្រោង REDD+ របស់កម្ពុជា និងការអភិវឌ្ឍន៍ដំណោះស្រាយផ្អែកលើធម្មជាតិ (Nature based Solutions -NBS) ឈានទៅសម្រេចឱ្យបានតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកនាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ គោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា ឆ្ពោះទៅការអភិវឌ្ឍនដោយចីរភាព និងសុខដុមភាពបរិស្ថាន៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner