អវកាសយានិកអាមេរិកជាប់គាំងនៅទីអវកាស ៩ខែ នឹងវិលមកផែនដីវិញ ថ្ងៃនេះ
វ៉ាស៊ីនតោន ៖ អង្គការណាសានិយាយថា អវកាសយានិកអាមេរិកមួយគូ ដែលជាប់គាំងអស់រយៈពេលជាង ៩ខែនៅស្ថានីយអវកាសអន្តរជាតិ ISS នឹងវិលត្រឡប់មកផែនដីវិញនៅល្ងាចថ្ងៃអង្គារ នេះ។
អវកាសយានិក Butch Wilmore និង Suni Williams នឹងត្រូវធ្វើដំណើរត្រឡប់មកផ្ទះវិញ រួមជាមួយអវកាសយានិកអាមេរិកម្នាក់ទៀត និងអវកាសយានិករុស្ស៊ីនៅលើយាន SpaceX Crew Dragon បន្ទាប់ពីអវកាសយានិកជំនួសបានទៅដល់ស្ថានីយ ISS កាលពីព្រឹកថ្ងៃអាទិត្យ។
អវកាសយានិកណាសាទាំងពីររូបនេះ បានឡើងទៅដល់ស្ថានីយ ISS តាំងតែពីខែមិថុនា ឆ្នាំ២០២៤មកម្ល៉េះ តាមរយៈយានអវកាស Starliner របស់ក្រុមហ៊ុន Boeing ហើយដំបូងឡើយ ពួកគេត្រូវស្នាក់នៅលើនោះ ត្រឹមតែ៨ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែបញ្ហាបានកើតឡើងពាក់ព័ន្ធប្រព័ន្ធហោះហើររបស់យាន Starliner ជាហេតុបង្ខំឱ្យ NASA ត្រូវធ្វើការផ្លាស់ប្តូរធំមួយ។
ក្រោយការធ្វើតេស្តជាច្រើនសប្តាហ៍លើយាន Starliner ទីភ្នាក់ងារអវកាស NASA បានសម្រេចចិត្តនាំយកវាត្រឡប់មកផែនដីវិញ ដោយមិនមានផ្ទុកលោក Wilmore និងនាង Williams ឡើយ ពោលគឺអវកាសយានិកទាំងពីររូបត្រូវរង់ចាំត្រឡប់មកវិញ ជាមួយសមាជិកនៃបេសកកម្ម Crew-9 របស់ក្រុមហ៊ុន SpaceX៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា