អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនិស្សិតគិលានុប្បដ្ឋាន និងឆ្មបសាលាពេទ្យកាកបាទក្រហមជប៉ុន
(ភ្នំពេញ)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនិស្សិតគិលានុប្បដ្ឋាន និងឆ្មបសាលាពេទ្យកាកបាទក្រហមជប៉ុនចំនួន ២២រូប ដែលដឹកនាំដោយលោកស្រី Kentaro Nagazumi នាយកនាយកដ្ឋានអន្តរជាតិ នៃកាកបាទក្រហមជប៉ុន នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។
លោកជំទាវ អគ្គលេខាធិការ បានសម្តែងក្តីសោមនស្សរីករាយ និងស្វាគមន៍ យ៉ាងកក់ក្តៅជាពិសេសបានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគណៈប្រតិភូកាកបាទក្រហមជប៉ុន ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ហើយដែលនេះ ជាលើកទី១៨ ចាប់តាំងពីឆ្នាំ២០០៦រៀងមក។
លោកជំទាវ បានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ទៅតាមវិស័យអាទិភាពទាំង៤ ជាពិសេសផ្តោតលើការចូលរួមដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។ ទន្ទឹមនឹងនេះ លោកជំទាវ ក៏បានគូសបញ្ជាក់ពីតួនាទីនិងភាពជាអ្នកដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឋានៈជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ផងដែរ។
ស្ថិតក្នុងឱកាសនោះដែរ យុវជនកាកបាទក្រហមកម្ពុជា ចំនួន ៣រូប ក៏បានឡើងធ្វើបទបង្ហាញសង្ខេបអំពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបគ្រោះមហន្តរាយ, ការអប់រំសុខភាពតាមសហគមន៍ និងវិជ្ជាសង្គ្រោះបឋម ជូនដល់គណៈប្រតិភូផងដែរ។
ជាកិច្ចឆ្លើយតប លោកស្រី Kentaro Nagazumi នាយកនាយកដ្ឋានអន្តរជាតិនៃកាកបាទក្រហមជប៉ុន បានថ្លែងអំណរគុណចំពោះលោកជំទាវអគ្គលេខាធិការ ដែលបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅ និងសង្ឃឹមជឿជាក់ថាចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមជប៉ុន និងកាកកបាទក្រហមកម្ពុជា កាន់តែរឹងមាំថែមទៀត។ ដោយឡែក និស្សិតគិលានុប្បដ្ឋាន និងឆ្មបសាលាពេទ្យកាកបាទក្រហមជប៉ុន ចំនួន ៥រូប ក៏បានឡើងធ្វើបទបង្ហាញអំពីមេរៀន និងបទពិសោធន៍ដែលបានអនុវត្តនាពេលកន្លងមកក្នុងពេលកំពុងសិក្សានៅក្នុងសាលាពេទ្យកាកបាទក្រហមជប៉ុន ផងដែរ៕
ដោយ / គ្រី សម្បត្តិ






