ឯកឧត្តម ហែម វណ្ណឌី និង ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា អញ្ជើញបើកការដ្ឋានភ្ជាប់គម្រោងស្ថានីយបូមទឹកឆៅថ្មីកោះនរា
(ភ្នំពេញ)៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញទស្សនកិច្ចការដ្ឋានស្ថានីយបូមទឹកឆៅថ្មីកោះនរា និងបើកការដ្ឋានគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត ក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធ គ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន ។
គម្រោងសាងសង់សង់ស្ថានីយបូមទឹកឆៅថ្មី កោះនរា គឺជាស្ថានីយបូមទឹកឆៅថ្មី ដើម្បីជំនួសស្ថានីយបូមទឹកឆៅក្តីតាកុយ ដែលទទួលផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍កោះនរាថ្មី របស់ក្រុមហ៊ុនអូរវើស៊ី ខេមបូឌាន ស៊ិនវេសមេន ខបភើរេសិ។ ក្រោយពីទទួលបានការគាំទ្រពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាល ជាមួយនិងកិច្ចសហការណ៍ ពីក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រោមស្មារតីទទួលខុសត្រូវខ្ពស់របស់ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងកោះនរា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន OCIC បានចុះហត្ថលេខាលើកិច្ចសន្យា «ស្តីពី ការស្តារឡើងវិញនូវផលប៉ះពាល់របស់គម្រោងអភិវឌ្ឍន៍កោះនរាថ្មី មកលើប្រព័ន្ធផលិតកម្មទឹកស្អាតនិរោធរបស់ រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ » ដោយមានទំហំទឹកប្រាក់សរុបប្រមាណ ២៦,៦លានដុល្លារអាមេរិក។
យោងទៅតាមការសិក្សានាពេលកន្លងមក ការតភ្ជាប់បំពង់មេនាំទឹកឆៅចេញពីស្ថានីយបូមទឹកឆៅថ្មីកោះនរា មកកាន់ បំពង់មេនាំទឹកឆៅដែលមានស្រាប់ទំហំមុខកាត់ ១.៦០០មម ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ ១ នេះ ចាំបាច់ត្រូវធ្វើការ បញ្ឈប់ការផ្គត់ផ្គង់ទឹកស្អាតចេញពីរោងចក្រផលិតទឹកស្អាតនិរោធដែលមានសមត្ថភាពផលិត ២៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ រយៈពេលប្រមាណជាងមួយសប្តាហ៍ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតប្រមាណជាង ៣០% និងធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋជាអតិថិជនដែលរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រមាណជិត ១លាននាក់។
ដោយទទួលការគាំទ្រផ្នែកបច្ចេកទេស និងសម្ភារ តាមរយៈគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថល ក្នុងតំបន់ទីប្រជុំជន នៃរាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះ បានចំណាយថវិកាសរុបប្រមាណ ២៩១លានយ៉េន និងក្រុមហ៊ុន KUBOTA Corporation ជាអ្នកទទួលការក្នុងការអនុវត្តគម្រោង។
ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ មានប្រសាសន៍ថា គម្រោងភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្តាច់ការផ្គត់ផ្គង់ ទឹកស្អាត ជាគម្រោងប្រវត្តិសាស្ត្រមួយនៅក្នុងប្រទេសកម្ពុជា និងពុំទាន់ធ្លាប់បានអនុវត្តនៅក្នុងប្រទេសយើងនោះទេសម្រាប់ បំពង់ដែលមានមុខកាត់ធំបែបនេះ។ ការសម្រេចនៅលទ្ធផលនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ទៅដល់ ការធានាដល់ការផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជននៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ហើយក៏បានផ្តល់នូវលទ្ធផលជវិជ្ជមានដោយប្រយោលទៅកាន់វិស័យសេដ្ឋកិច្ច ដំណើរការរស់នៅ និងកត្តាហានិភ័យដោយចៃដន្យផងដែរ ៕





អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា