មជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា ប្រគល់ពាន់រង្វាន់ APO National Award ២០២៤ ដល់ក្រុមហ៊ុន សហគ្រាសចំនួន២ ដែលមានស្នាដៃក្នុងការអនុវត្តគោលការណ៍ផលិតភាព
(ភ្នំណេញ)៖ ក្រុមហ៊ុន សហគ្រាសចំនួន ២ ត្រូវបានជ្រើសរើសឲ្យទទួលបានពានរង្វាន់ជាតិរបស់អង្គការផលិតភាពអាស៊ី (APO)២០២៤ ដែលជាមោទនភាពជាតិ និងសង្គមកម្ពុជា តាមរយៈការលើកកម្ពស់ផលិតភាព ។
ពិធីប្រគល់ពាន់រង្វាន់នេះ បានរៀបចំដោយមជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧហ្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២១ មីនា ២០២៥ ដែលមានការអញ្ជើញចូលរួមរូមជាអធិបតីដោយ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧហ្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
នៅក្នុងឱកាសនោះ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ បានថ្លែងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ បានបង្កើតមជ្ឈមណ្ឌលផលិតភាពជាតិ ជាសេនាធិការ ដើម្បីជំរុញចលនាផលិតភាពជាតិ នៅតាមបណ្តាសហគ្រាសឯកជនជាដៃគូ និងសាកល្បងអនុវត្ត វិធីសាស្រ្តបង្កើនគុណភាព ផលិតភាព ប្រសិទ្ធភាពការងារ តាមរយៈរូបភាព ជាវគ្គបណ្តុះបណ្តាល សិក្ខាសាលា ក៏ដូចជា គម្រោងក្រុមហ៊ុនគម្រូ ដែលបង្កលក្ខណៈឱ្យក្រុមហ៊ុនក្នុងស្រុកអាចរៀនសូត្រពីគ្នាទៅវិញទៅមក និងបញ្ជូនសិក្ខាកាមទៅរៀនសូត្រពីបណ្តាប្រទេសជាសមាជិកចំនួន២០ ដើម្បីអាចឈានទៅបង្កើនសមត្ថភាពប្រកួតប្រជែងថ្នាក់តំបន់ ឬសកលលោក។
សហគ្រាស និងក្រុមហ៊ុនទាំងពីរដែលមជ្ឈមណ្ឌលផលិតភាពជាតិ បានប្រកាសប្រគល់ពានរង្វាន់ជាតិរបស់អង្គការផលិតភាពអាស៊ី (APO) ប្រចាំឆ្នាំ២០២៤ រួមមាន ក្រុមហ៊ុនន ខាំផែន (Cam Paint) ថ្នាំពណ៌ជាតិ និងសហគ្រាសទឹកត្រី លាង ឡេង (Leang Leng Enterprise) ។
ដើម្បីទទួលពានរង្វាន់នេះបាន ម្ចាស់សហគ្រាស ឬក្រុមហ៊ុន ត្រូវអនុវត្តគោលការណ៍នានាជាច្រើន ដើម្បីពង្រឹងស្ថាប័ន ក៏ដូចជាការគ្រប់គ្រង ធ្វើយ៉ាងណាឲ្យការងារមានផលិតភាព និងប្រសិទ្ធភាព នៅកន្លែងផលិតកម្ម ក៏ដូចជាសេវាកម្មរបស់ពួកគេ ។
កម្ពុជាដើម្បីជំរុញចលនាផលិតភាព ប្រកបដោយគុណភាព ប្រសិទ្ធភាព កម្ពុជាបានចូលជាសមាជិក APO តាំងពីឆ្នាំ២០០៤ ដែលទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាការផ្តល់ចំណេះដឹងបច្ចេកទេស ការបណ្តុះបណ្តាល និងការអនុវត្តគម្រោងប្រកប ដោយនវានុវត្តន៍ ក្នុងវិស័យផលិតកម្ម សេវាកម្ម និងកសិកម្ម ៕
អត្ថបទ ៖ គង់ សុផុល








