ប៊ែលធី គ្រុប ប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បី កសាងសង្គមកម្ពុជាអោយរីកចម្រើន
- សង្គមកម្ពុជារីកចម្រើនទៅបាន ក៏អាស្រ័យការចូលរួមពីវិស័យឯកជន និងគ្រប់ភាគីទាំងអស់ ពួតដៃគ្នាជាភាតរភាព ដើម្បីមានមូលធនមនុស្សគ្រប់វិស័យអភិវឌ្ឍតាមជំនាញ។
ភ្នំពេញ៖ អស់រយៈពេល១ឆ្នាំប៊ែលធីគ្រុប បានបង្ហាញវឌ្ឍនភាពការងាររបស់ខ្លួន ដែលអនុវត្តកន្លងមក រួមមាន I.ប៊ែលធីសំណង់ II.ប៊ែលធីទេសចរណ៍ និង III.ប៊ែលធីអប់រំ ដោយចែកចេញជា ៥ផ្នែកគឺ ១-សាលា ប៊ែលធី អន្តរជាតិ ២-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ៣-ប៊ែលធី ទំនាក់ទំនងអន្តរជាតិ ៤-មជ្ឈមណ្ឌលតេស្តអន្តរជាតិ និង ៥-ប៊ែលធីស្រាវជ្រាវ និងបោះពុម្ព (BELTEI University Press) ព្រមទាំង មូលនិធិសប្បុរសធម៌ ប៊ែលធី ផងដែរ។ កិច្ចការទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយល់ថា ជាការងារជួយដល់សង្គមជាតិ តាមរយៈផ្តល់អាទិភាពដល់វិស័យឯកជនចូលរួម។
សន្និបាតនេះមិនត្រឹមតែផ្តល់ធាតុចូលប៉ុណ្ណោះទេ ថែមទាំង រំលឹក និងផ្តល់បទពិសោធន៍ថ្មីៗ ដើម្បីរុញការងារ សម្រាប់ឆ្នាំ២០២៥ អោយដើរព្រមគ្នា នឹងការរីកចម្រើនរបស់ប្រទេសជាតិ ។
ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធីគ្រុប បញ្ជាក់ថា បច្ចុប្បន្ន ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូបម្រើការ ៤,០៩៤នាក់ សិស្ស-និស្សិតកំពុងសិក្សា ៦២,២៣១នាក់ និងមាន ៣៥ទីតាំង។
ប៊ែលធី ជាក្រុមហ៊ុនឯកជនមួយឈានមុខ និងលេចធ្លោ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេស ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកសាងធនធានមនុស្សប្រកដោយឧត្តមភាព ទាំងភាសាជាតិ និងអន្តរជាតិ។ ក្នុងនោះបញ្ជូនសិស្ស-និស្សិតទៅក្រៅប្រទេស ចំនួន ១,៣៤៤នាក់ ក្នុងនោះសិស្ស-និស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ១៤១នាក់ សិស្ស-និស្សិតបង់ថ្លៃ ៥៩នាក់ និងសិស្ស-និស្សិត ធ្វើទស្សនកិច្ចសិក្សា ១,១៤៤នាក់។ ផ្អែករបាយការណ៍នេះបង្ហាញថា សេនាធិការផ្នែកឯកជនមួយនេះ គឺជាវត្តមានដែលពុំអាចខ្វះបាន សម្រាប់អនាគតវែងឆ្ងាយរបស់មូលធនមនុស្ស នាពេលអនាគត។ ចំណែកប៊ែលធីទេសចរណ៍ ក៏បានចូលរួមយ៉ាងសកម្មផងដែរ ក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍សំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា។ បើក្រឡេកមើលប៊ែលធីសំណង់ គឺបានចូលរួមបង្កើតអគារធំៗ ស្កឹមស្កៃ លេចត្រដែតក្នុងរាជធានីភ្នំពេញ បង្ហាញសម្រស់ទីក្រុងថា ភ្នំពេញឥឡូវមានអាគារខ្ពស់ៗ មិនចាញ់បណ្តាប្រទេសជិតខាង និងពិភពលោកប៉ុន្មានទេ ។ កត្តារួមចំណែកធំៗទាំងនេះហើយ ដែលបង្កើតបានជាមែកធាងជាច្រើន ជួយដល់បុគ្គលិក ប្រជាពលរដ្ឋ កូនក្មួយ បានរៀនសូត្រ និងមានការងារធ្វើ ជាង៤ពាន់នាក់ នេះបើតាមការលើកឡើង ពីឯកឧត្តម លី ណាវុឌ្ឍ។
អគ្គនាយករងរូបនេះ ក៏បានបង្ហាញពី ទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៥ រួមមាន៖
១- ពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់ និងយន្តការគ្រប់គ្រងឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត
២- អនុវត្តគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ដោយថ្នាក់ដឹកនាំ និងបុគ្គលិក ត្រូវស្គាល់ខ្លួនឯង (Who am I?) ស្គាល់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ទៅតាមការចាត់តាំងរបស់ថ្នាក់លើ
៣- គោរពបទបញ្ជាផ្ទៃក្នុង និងច្បាប់រដ្ឋជាធរមានឱ្យបានកាន់តែល្អប្រសើរ និងកែសម្រួលបទបញ្ជាផ្ទៃក្នុងមួយចំនួន ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់ក្រុមហ៊ុន និងការអភិវឌ្ឍរបស់ប្រទេសជាតិ
៤- អភិវឌ្ឍប្រព័ន្ធគ្រប់គ្រង (Management System) ទាំងសាលា (SMS) និងសាកលវិទ្យាល័យ (UMS) ព្រមទាំងប៊ែលធី គ្រុប ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីបន្តទៅបង្កើត Student Portal ឱ្យបានរួចរាល់
៥- ពង្រឹងការងារគ្រប់គ្រងចំណូល-ចំណាយឱ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់
៦- បន្តយន្តការត្រួតពិនិត្យ តាមដានការអនុវត្តសេចក្តីសម្រេច សេចក្តីណែនាំ និងគោលការណ៍នានារបស់ប៊ែលធី គ្រុប ដែលបានដាក់ចុះឱ្យបានកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់
៧- អភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំ ដើម្បីដើរឱ្យទាន់ទីផ្សារការងារ ការវិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោក
៨- ពង្រឹងការគោរពវិន័យសិស្ស-និស្សិតនៅគ្រប់កម្រិត-ថ្នាក់ ជាពិសេស អវត្តមាន ព្រមទាំងបង្កើនទំនាក់ទំនងល្អជាមួយមាតាបិតា និងអ្នកអាណាព្យាបាល
៩- បើកថ្នាក់បំប៉នជូនសិស្សថ្នាក់ទី១២ ដើម្បីធ្វើយ៉ាងណាឱ្យប្រឡងជាប់បាក់ឌុបចាប់ពី ៩០% ឡើងទៅ និងទទួលបានសិស្សនិទ្ទេស A កាន់តែច្រើនបន្ថែមទៀត។ ហើយសិស្សភាសាអង់គ្លេសកម្រិត១២ (Level 12) ត្រូវបានពិន្ទុតេស្តអន្តរជាតិអាយអែល (IELTS) យ៉ាងតិច ៥.០ឡើង ចាប់ពី ៨០% ឡើងទៅ។
១០- បន្តលើកទឹកចិត្តជ្រើសរើសសាស្រ្តាចារ្យ-គ្រូពេញម៉ោង (Full-Time) ដោយផ្តល់ឱកាសឱ្យបន្តការសិក្សាជាមួយនឹងអាហារូបករណ៍ និងដំឡើងតួនាទី (Promote) តាមលំដាប់ថ្នាក់/កម្រិត រហូតជាសាស្ត្រាចារ្យ (Lecturer) ឬគណៈគ្រប់គ្រងសាខា និងការិយាល័យផ្សេងៗ
១១- បន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នជាតិ-អន្តរជាតិលើ កិច្ចការបណ្ដុះបណ្ដាល សិក្សាស្រាវជ្រាវ ការចុះហ្វឹកហាត់ការងារ (Practical Training) ជាពិសេសឱកាសការងារសម្រាប់និស្សិតសាកលវិទ្យាល័យ
១២- ជំរុញការផ្សព្វផ្សាយ និងទទួលស្វាគមន៍និស្សិតថ្មីឱ្យចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយអាចជ្រើសរើសជំនាញ និងមហាវិទ្យាល័យដែលខ្លួនស្រឡាញ់ពេញចិត្ត ដែលមាន ១៣មហាវិទ្យាល័យ និង ៤៥មុខជំនាញ
១៣- ពង្រឹងសមត្ថភាពគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ តាមរយៈការបើកវគ្គបណ្តុះបណ្តាល (On the job training) ដើម្បីឱ្យក្លាយខ្លួនជាអ្នកអាជីព (Train to be professional)
១៤- បន្តបើកថ្នាក់ភាសាចិនចាប់ពីកម្រិត Preschool ដល់ Level 12 សម្រាប់ផ្នែកសាលា និងពង្រឹងមហាវិទ្យាល័យចិននៅសាកលវិទ្យាល័យ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត
១៥- ខិតខំពង្រឹង ប៊ែលធី ស្រាវជ្រាវ និងបោះពុម្ព (BELTEI University Press) ឱ្យដំណើរការកាន់តែល្អបន្ថែមទៀត។
ការរីកចម្រើនរបស់ប៊ែលធីគ្រុប ត្រូវបាន ឯកឧត្តមបណ្ឌិត លី ឆេង ចាត់ទុកថា ជាការខិតខំប្រឹងប្រែងរបស់ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូ គ្រប់ផ្នែកទាំងអស់ ដែលបានជ្រោមជ្រែង។ ការលូតលាស់ក្រោម ម្លប់សន្តិភាព គឺជាការថែរក្សាមរតក របស់អតីតនាយករដ្ឋមន្ត្រី និងបន្តអភិវឌ្ឍសមិទ្ធផលនានា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឃុំគ្រោង ការពារ សន្តិភាព សម្រាប់ប្រជាពលរដ្ឋ និងវិស័យរដ្ឋ រួមនឹងឯកជន កៀកស្មាគ្នាកសាងប្រទេសជាតិ។ ឯកឧត្តម លី ឆេង បន្តថា ប៊ែលធី គ្រុប បានខិតខំប្រឹងប្រែងបំពេញភារកិច្ច តាមការណែនាំរបស់ក្រសួងអប់រំ ក្រសួងពាក់ព័ន្ធនានា ដើម្បីប្រទេសជាតិ និងកូនចៅប្រជាពលរដ្ឋ មានចំណេះដឹង និងការងារធ្វើបន្ថែមទៀត។
ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានប្រគល់លិខិតតែងតាំងជូនដល់ថ្នាក់ដឹកនាំនៃប៊ែលធីគ្រុប ចំនួន ៤០រូប និងពានរង្វាន់ការងារ ប័ណ្ណអាហារូបករណ៍ ១០០% និងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកបម្រើការងារ ១០ឆ្នាំ ចំនួន ១១៥រូប នាពេលនោះផងដែរ៕










