អង្គភាពប្រឆាំងអំពើពុករលួយ ៖ ក្នុងខែមីនាជនសង្ស័យ៥នាក់ត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោស ពីបទប្រព្រឹតិអំពើពុករលួយ

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ ឬ ហៅថា ACU នៅខែមីនា ឆ្នាំ ២០២៥នេះបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែ សរុបចំនួន ៣៤ពាក្យប្ដឹង និងបានបញ្ជូនសំនុំរឿងចំនួន២ករណី ដែលមានជនសង្ស័យ៥រូបទៅតុលាការ។

ថ្លែងប្រាប់បណ្តាញសារព័ត៌មានមុនពេលបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) អាណត្តិទី៣ លើកទី៤៥នាសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖ក្នុងករណីរឿងពាក់ព័ន្ធអភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួក ចោទប្រកាន់ពីបទរំលោភអំណាច ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងឯកសារសាធារណៈ និង ប្រើប្រាស់ឯកសារសាធារណៈក្លែងដែលប្រព្រឹត្តក្នុងខេត្តកំពង់ស្ពឺ ប៉ៃលិន បាត់ដំបង ស្ទឹងត្រែង និងព្រះវិហារកាលពីឆ្នាំ២០២៣និងករណីសំណុំរឿងការប្រឡងក្នុងរាជធានីភ្នំពេញ។

បើតាមមន្រ្តីអ្នកនាំពាក្យរូបនេះបានឱ្យដឹងថាអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ករណីពាក់ព័ន្ធការប្រឡង។ក្រៅពីនេះក៏បានបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តកំពង់ស្ពឺ ករណីអភិបាលរងខេត្តកំពង់ស្ពឺ ឈ្មោះ ទិត វុទ្ធី និងឈ្មោះ ហ៊ាវ ខន មន្ត្រីយោធា “ក២” នៃកងទ័ពជើងគោក ដែលបានប្រើប្រាស់តួនាទី និងមុខងារដោយបំពាន ដើម្បីទទួលបានអត្ថប្រយោជន៍ដោយខុសច្បាប់ក្នុងការស្នើសុំអាជ្ញាបណ្ណរុករករ៉ែ ហើយទទួលបានប្រាក់ សរុប ចំនួន ១,២លានដុល្លារ។ លើអង្គហេតុចំនួន៣ ក្នុងនោះអង្គហេតុប៉ៃលិនទី១ ទទួលបាន៤០ម៉ឺនដុល្លារ អង្គហេតុរ៉ែមាសខេត្តព្រះវិហារ (ទារប្រាក់ ៥លានដុល្លារ តែមិនជោគជ័យ) និងអង្គហេតុប៉ៃលិនទី២ ទទួល បានប្រាក់ ៨០ម៉ឺនដុល្លារ ដែលជាចេតនាទុច្ចរិតពិតប្រាកដនៃការរំលោភអំណាច ហើយមានឈ្មោះ អ៊ុន សារឿន អ្នកប្រែភាសាចិន ជាអ្នកចូលរួមធ្វើសកម្មភាព ដែលទង្វើនេះជាការសមគំនិត។

ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថា”អ្នកទាំង៣ បាន បង្កើត រៀបចំតាក់តែង ឯកសារមិនប្រក្រតី និងឯកសារក្រុមហ៊ុនមិនត្រឹមត្រូវជាច្រើន ដើម្បីប្រើប្រាស់បង្កើត សិទ្ធិក្នុងការបន្លំសុំអាជ្ញាបណ្ណរុករករ៉ែនៅក្នុងអង្គហេតុទាំង៣”។

បើតាមឯកឧត្តម សយ ច័ន្ទ វិចិត្រ បានឱ្យដឹងថា អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកត្រូវបានតុលាការខេត្តកំពង់ស្ពឺចេញដីកាឃុំខ្លួន ហើយជនជាប់សង្ស័យទាំងអស់កំពុងស្ថិតក្នុងពន្ធនាគារ។

សូមរំលឹកថាក្នុងអំឡុងចុងឆ្នាំ២០២៤កន្លងមកអង្គភាពប្រឆាំងអំពើពុករលួយបានបំបែកសំណុំរឿងពុករលួយប្រចាំឆ្នាំមួយទាក់ទងនឹងការសូកប៉ាន់រត់ការចង់បានតំណែង តាមរយៈលោក លី សាម៉េត។ ករណីលោក មួង ឃីម អតីតឧត្តមសេនីយ៍ផ្កាយ៣ ,ឧកញ៉ា អ៊ុត ធី ដែលត្រូវបានគេស្គាល់ជាថៅកែឡានដឹកខ្សាច់ ,លោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម និងលោក ដួង ដារ៉ា ដែលជាអតីតរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ចំណែកនៅដើមឆ្នាំ២០២៥ នេះ អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមន្រ្តីកងរាជអាវុធហត្ថខេត្តតាកែវចំនួន ២នាក់ពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូកក្នុងការទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាបលើបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងរួចមកហើយផងដែរ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ហេង សម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner