សម្តេចធិបតី ៖ ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលខ្ពស់ទាំងសេដ្ឋកិច្ច និងការអភិវឌ្ឍ ដែលបានជួយដល់សេដ្ឋកិច្ចប្រជាជនមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ក្នុងពិធីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលខ្ពស់ទាំងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ ដោយបានរួមចំណែកជួយដល់សេដ្ឋកិច្ចប្រជាជនមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ ដូចនេះ រាជរដ្ឋាភិបាលបានដាក់អាទិភាពសម្រាប់ខេត្តព្រះសីហនុ គឺជាខេត្តនាំមុខ ដែលមានកំពង់ផែទឹកជ្រៅ តាមរយៈការកំណត់ជាគោលដៅខ្ពស់សម្រាប់ការវិនិយោគ និងពង្រីក ឱ្យទៅជាកំពង់ផែអន្តរជាតិ និងជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់ ដែលនឹងនាំមកនូវសក្តានុពលកាន់តែធំសម្រាប់ខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះក៏ទាមទារឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សគ្រប់គ្រាន់ ដែលតម្រូវឱ្យអ្នកខេត្តព្រះសីហនុជាអ្នកដែលនៅផ្ទាល់ ត្រូវតែមានលទ្ធភាព និងអាទិភាពក្នុងការទទួលយក និងរៀបចំខ្លួនសម្រាប់ទទួលផលនៃការវិនិយោគនេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថាការប្រកួតប្រជែងក្នុងវិស័យអប់រំ មិនមែនដើម្បីបានតែពានរង្វាន់នោះទេ តែដើម្បីទទួលផលផលជាក់ស្តែងក្នុងការផលិតធនធានមនុស្ស ក្នុងន័យនេះសាលាកាន់តែទទួលបានលទ្ធផលល្អ នោះធនធានមនុស្សកាន់តែប្រកបដោយគុណភាព ទាំងគ្រូ និងសិស្ស ហើយធនធានមនុស្សនេះ នឹងចែកផលបន្ត។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ “សម្ភារៈបរិក្ខារប្រើប្រាស់ ទំនើបកម្មទៅមុខ តែនឹងថយចុះតាមពេលវេលា និងអាយុកាលនៃការប្រើប្រាស់ទាំងគុណភាព និងបច្ចេកទេស តែធនធានមនុស្ស កាន់តែប្រើប្រាស់កាន់តែល្អនិងរីកចម្រើន ហើយរីកដុះដាលបន្ថែម”។

ជាមួយគ្នានេះរាជរដ្ឋាភិបាលបានផ្តល់អាទិភាពក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជាជំនាញបច្ចេកទេសសំខាន់សម្រាប់តម្រូវការក្នុងខេត្តផង និងសេដ្ឋកិច្ចជាតិផង ដោយផ្តោតលើកត្តាអាទិភាព ក្នុងការផ្តល់ជូនប្រជាជន៖ ១/ សុខភាពល្អ, ២/ មានចំណេះដឹង និង៣/ រកឱកាសការងារ ឬបង្កើតអាជីវកម្មផ្ទាល់ខ្លួន ពិសេសធានាលំនឹងស្ថេរភាពសម្រាប់ជីវភាពរស់នៅ។ បន្ថែមលើនេះដែរ សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថាវិស័យអប់រំដែលរឹងមាំបាន គឺអាស្រ័យលើកត្តា២ ៖ ទី១. វត្តមានគ្រូ ប្រកបដោយគុណភាព តាមរយៈការបង្កើននូវគុណវុឌ្ឍិ ទាំងចំណេះទូទៅ និងចំណេះវិជ្ជាជីវៈ ដើម្បីធានានូវការអប់រំទទួលបានជោគជ័យ និង ទី២. កត្តាហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈដែលបម្រើដល់ការសិក្សាផ្ទាល់ និងកម្មវិធីសិក្សា។

មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីមតិដែលធ្លាប់លើកឡើងវាយប្រហារមកលើរាជរដ្ឋាភិបាល ជាពិសេសមតិរិះគន់ដែលប្រាសចាកពីការពិត ដោយជ្រើសរើសយកការកសាង និងពង្រីកសមិទ្ធផលថ្មីបន្ថែមទៀតដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានអបអរសាទរសមិទ្ធផលក្នុងសម័យសន្តិភាព ដោយមិនអង្គុយរង់ចាំតូចចិត្ត ឬបាក់ទឹកចិត្តចំពោះតែមតិរិះគន់ ប៉ុន្តែផ្ទុយទៅវិញគឺត្រូវប្រឹងប្រែងបន្តធ្វើ បន្តកសាង និងអភិវឌ្ឍជាតិឱ្យកាន់តែសកម្ម ដោយឈរលើ “អ្នកកាន់តែថា ខ្ញុំកាន់តែធ្វើ ”។ ដូចនេះ វិធីសាស្ត្រដែលល្អបំផុត គឺ៖ ១/ កុំឈឺក្បាលជាមួយអ្នកថា ហើយ ២/ ថាកន្លែងណា គឺធ្វើកន្លែងហ្នឹង ដេីម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន ដោយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ជ្រើសរើសយក ជម្រើស«ស្នេហ៍មិនឈ្នះស្និទ្ធ » តាមរយៈការខិតខំបង្កើតសមិទ្ធផលជាច្រើនបន្ថែមទៀតសម្រាប់ពលរដ្ឋឱ្យទទួលផលជាក់ស្តែង៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner