សហគមន៍កសិកម្មទំនើបចំនួន៣ ចុះហត្ថលេខាជាមួយ​ក្រុម​ហ៊ុន​ឯកជន សម្រាប់ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ៤០០​តោន

(ភ្នំពេញ)៖សហគមន៍កសិកម្មទំនើបចំនួន ៣បានចុះហត្ថ​លេ​ខា​រួមគ្នាមួយលើការផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ៤០០តោន នៅក្នុងខេត្តកំពង់ធំជាមួយនឹងទំហំទឹក​ប្រាក់​សរុបប្រមាណ ៦៥ម៉ឺនដុល្លារ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងឱ្យដឹងក្នុងពិធី​ដែលបាន​រៀបចំឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ថា សហគម​ន៍​កសិកម្មទំនើបទាំងបីនេះរួមមានដូចជា ៖ សហគមន៍​កសិកម្មទំនើបប្រាសាទសំបូររុងរឿង សហគមន៍កសិកម្ម​ទំនើបសាលាវិស័យកំពង់ធំ និងសហគមន៍កសិកម្មទំនើប​ទំរីងកំពង់ធំ ជាមួយនឹងក្រុមហ៊ុនMIRARTH នៅក្នុង​ខេត្តកំពង់ធំ។សមាគមន៍ទាំង៣នេះបានទទួល​ប្រាក់កក់​ចំនួន ៣០ភាគរយនៃកិច្ចសន្យានេះ។

ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងថាការរួមសហការគ្នា​រវាង​សហ​គម​កសិកម្ម ជាមួយក្រុមហ៊ុនទទួល​ទិញគ្រាប់ចន្ទី​នេះ​ពិតជាបានផ្តល់សារៈសំខាន់នៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាសម្រាប់សហគមន៍ ដើម្បីការពារសមាជិក​ទាំង​អស់​ពីហានិភ័យទីផ្សារនៃការប្រែប្រួលថ្លៃលើស​ពីការ​រំពឹង​ទុក​។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំឱ្យនាយកដ្ឋាន​កសិ​ឧស្សា​ហកម្ម និងសហគមន៍ផ្ទាល់ បន្តចុះកិច្ចសន្យា​លក់​គ្រាប់​ស្វាយចន្ទីបន្ថែមទៀត រហូតដល់ចប់រដូវប្រមូលផល ព្រមទាំងពិចារណាស្តុកទុកក្នុងកម្រិតណាមួយ សម្រាប់​ការលក់ជាគ្រាប់ស្ងួតផងដែរ។ បន្ថែមពីនោះ​សម្រាប់​រដូវ​កាលបន្ទាប់ សហគមន៍គួរត្រៀមធ្វើកិច្ចសន្យា​ជាមួយក្រុម​ហ៊ុនទទួលទិញពីដើមរដូវទុកឱ្យហើយទើបជាការប្រសើរ។

សូមបញ្ជាក់ថា កិច្ចសន្យានេះមានទំហំគិតជាទឹកប្រាក់​ចំនួន​​ប្រមាណ ៦៥ម៉ឺនដុល្លារ សម្រាប់ការផ្គត់ផ្គង់គ្រាប់​ស្វាយចន្ទី ៤០០តោន ហើយនេះគឺជាលើកទីមួយហើយ ដែលសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្វាយចន្ទីទាំង៣ បានសហការគ្នាលក់គ្រាប់ស្វាយចន្ទី តាមរយៈការ​ចុះ​កិច្ចសន្យាទុកជាមុនច្បាស់លាស់ក្នុងតម្លៃថេរមួយ សម្រាប់​រដូវកាលប្រមូលផលដំបូងរបស់ខ្លួន។

តាមការព្យាករណ៍ បរិមាណគ្រាប់ស្វាយចន្ទីដែលបាន​ចុះ​កិច្ចសន្យានេះ មានចំនួនប្រហាក់ប្រហែលនឹង ២០ភាគរយ នៃបរិមាណផលសរុបដែលសហគមន៍ទាំង៣គ្រោងនឹងផលិតបានក្នុងឆ្នាំ២០២៥នេះ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner