នាយករដ្ឋមន្រ្តីថៃប្រកាសអាសន្នទូទាំងប្រទេស ក្រោយគ្រោះរញ្ជួយដីដ៏កក្រើកវាយលុកអាស៊ីអាគ្នេយ៍

បាងកក ៖ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានចេញសេចក្តីប្រកាសអាសន្នទូទាំងប្រទេស ដោយព្រមានសាធារណជនឱ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រោះរញ្ជួយដីដែលអាចកើតមាន បន្ទាប់ពីគ្រោះរញ្ជួយដីក្នុងកម្រិត ៧.៧រ៉ិចទ័រនៅថ្ងៃសុក្រនេះ ជាមួយនឹងលទ្ធភាពកើតមានសាជាថ្មីទៀត ក្នុងរយៈពេល ២៤ម៉ោង។

ប្រព័ន្ធផ្សព្វផ្សាយថៃបានឱ្យដឹងថា អគារមួយកន្លែងមានកម្ពស់ ៣០ ជាន់បានបាក់ដួលរលំរាបដល់ដី និងអគារផ្សេងៗទៀតនៅក្បែរ ក៏កំពុងរងផលប៉ះពាល់ដែរ ខណៈប្រជាពលរដ្ឋថៃ ទាំងនៅក្នុងទីក្រុងបាងកក និងបណ្តាខេត្តសម្រុកចេញពីអគារខ្ពស់ៗ មកជ្រកកោននៅតាមទីវាល។ ហើយថៃក៏មានការព្រួយបារម្ភពីការកើតមានរលកយក្សស៊ូណាមិនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រផងដែរ។

ថ្លែងពីកោះភូកេត លោកស្រីនាយករដ្ឋមន្រ្តី ផែថងថាន បានបញ្ជាឱ្យមានការឆ្លើយតប និង ការសម្របសម្រួលនៅគ្រប់ថ្នាក់ក្រសួង-ស្ថាប័នរដ្ឋាភិបាលទាំងអស់ ដើម្បីដោះស្រាយស្ថានភាពដែលកំពុងអភិវឌ្ឍន៍ថ្មីៗ។ វិធានការភ្លាមៗ គឺការជូនដំណឹង និងការពារអាយុជីវិតសាធារណជនទូទៅ។ លោកស្រី ផែថងថាន ដែលផ្អាកដំណើរទស្សនកិច្ចនៅកោះភូកេត ដើម្បីវិលត្រឡប់ទៅទីក្រុងបាងកកវិញនោះ បានណែនាំដល់អ្នករស់នៅ និងធ្វើក្នុងអគារខ្ពស់ៗ គួរជៀសវាងការប្រើជណ្តើរយន្ត និងស្វែងរកទីវាលជ្រកកោន។

លោកស្រី ផែថងថាន បាននិយាយយ៉ាងដូច្នេះថា យើងជំរុញឱ្យសាធារណជនរក្សាភាពស្ងប់ស្ងាត់ ប៉ុន្តែមានការប្រុងប្រយ័ត្ន។ សាលារៀនបានបិទមុនកាលកំណត់ ដើម្បីសុវត្ថិភាពសិស្ស។ ការធ្វើបច្ចុប្បន្នភាពបន្ថែមទៀត នឹងត្រូវបានផ្តល់ជូននៅពេលក្រោយ។ កងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយ ដើម្បីធានាសុវត្ថិភាពសាធារណៈ ខណៈដែលក្រសួងធនធានធម្មជាតិ និងបរិស្ថានកំពុងវាយតម្លៃសកម្មភាពរញ្ជួយដី និងព្យាករណ៍ពីគ្រោះរញ្ជួយដីដែលអាចកើតមានបន្ថែមទៀតនាពេលអនាគត។

ទន្ទឹមគ្នា ក្រសួងដឹកជញ្ជូនថៃកំពុងត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរទាំងអស់ ខណៈអាកាសយានដ្ឋានសុវណ្ណភូមិបានផ្អាកប្រតិបត្តិការហោះហើររយៈពេល ២០នាទីជាវិធានការប្រុងប្រយ័ត្ន ប៉ុន្តែសេវាកម្មបានដំណើរការឡើងវិញចាប់តាំងពីពេលនោះមក។ ចំណែកក្រសួងសុខាភិបាលថៃបានដាក់ពង្រាយគ្រឿងបរិក្ខារពេទ្យ និងសេវាសង្គ្រោះបន្ទាន់រួចជាស្រេច ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលអាចកើតមាន។

គ្រោះរញ្ជួយដ៏កក្រើកខាងលើនេះ មានចំណុចកណ្តាលនៅទីក្រុង Sagaing នៃប្រទេសមីយ៉ាន់ម៉ា ជាមួយជម្រៅ ១០គីឡូម៉ែត្រ ហើយវាធ្វើឲ្យរង្គើខ្លាំងដល់ទីក្រុងបាងកក នៃប្រទេសថៃ និងវៀតណាម។ បើតាមកាសែត Yangon Times មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ នៅក្នុងហេតុការណ៍ដួលរលំវិហារឥស្លាម Shwe Phone Shein ក្នុងសង្កាត់ Maha Aungmye ភាគខាងត្បូងទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា៕

ប្រភព ៖ The Nation និង Yangon Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner