ខេត្ដព្រះសីហនុក៏បានទទួលឥទ្ធិពលគ្រោះរញ្ជួយដីបន្តិបន្តួចក្នុងរយៈពេលខ្លី ហើយក៏ស្ងប់ស្ងាត់ទៅវិញ
(ភ្នំពេញ)៖ មកដល់ពេលនេះ ស្ថានភាពទទួលរងឥទ្ធិពលការរញ្ជួយដីពីប្រទេសជិតខាង និងប្រទេសក្នុងតំបន់របស់យើងនេះ ខេត្ដព្រះសីហនុក៏បានទទួលនូវការរង្គើអគារបន្ដិចខ្លះដែរ ប៉ុន្តែក្នុងរយៈពេលខ្លីនោះទេ ហើយរហូតមកដល់ពេលនេះស្ថានភាពស្ងប់ស្ងាត់ទៅវិញហើយ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ដព្រះសីហនុ។គួរបញ្ជាក់ថាការលើកឡើងពីណាក់ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ដព្រះសីហនុនេះបន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំនៅភូមាកម្រិត៧,៧ អង្រួនរង្គើខ្លាំងដល់ទីក្រុងបាងកកប្រទេសថៃ និងខេត្តយូណាន របស់ប្រទេសចិនរួចមក។
នៅថ្ងៃសុក្រ ទី ២៨ ខែមីនា ឆ្នាំ២០២៥ គ្រោះរញ្ជួយដីដ៏ធំមួយបានកើតឡើងនៅភាគកណ្តាលប្រទេសភូមា ដោយបានបណ្តាលមនុស្សរបួសជាច្រើនរយនាក់។ក្នុងហេតុការណ៍គ្រោះរញ្ជួយដ៏ដ៏ខ្លាំងក្នុងប្រទេសភូមាបានទៅអង្រួនរង្គើដល់ប្រទេសជិតខាងរបស់ភូមា ដូចជាថៃ ចិន ឥណ្ឌា បង់ក្លាដែស ឡាវ។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននាព្រលប់ថ្ងៃទី២៨ ខែ មីនា ឆ្នាំ ២០២៥លោក ឡុង ឌីម៉ង់ បានឱ្យដឹងថាក្នុងហេតុការណ៍នេះក៏មានការឈូឆរ តាមបណ្តាញសង្គមក៏ដូចជាការចែករំលែកគ្នាពីមួយទៅមួយ សុំឱ្យចុះពីអគារទីតាំងចំនួន២ទៅ៣ដែលមានមនុស្សធ្វើការនៅទីនោះ បន្ទាប់ពីដឹងថា បានទទួលរងរង្គើក្នុងនេះមានដូចជាសណ្ឋាគារណានហៃ សណ្ឋានគារស៊ី ហួរ និងមួយទៀតគេនិយមហៅថាឆាយណាថោន។មកដល់ពេលនេះបានស្ងប់ស្ងាត់ហើយ ប៉ុន្តែអភិបាលខេត្តព្រះសីហនុបានចុះដល់ទីតាំងកន្លែងកើតហេតុការណ៍ផងដែរ។
លោក ឡុង ឌីម៉ង់ បានលើកឡើងថា អាជ្ញាធរខេត្ដបន្ដតាមដានព្រឹត្ដិការណ៍នេះបន្ដទៀត ហើយដើម្បីការពារសុវត្ថិភាព អាជ្ញាធរខេត្ដបានចាត់បញ្ចូនអ្នកជំនាញបច្ចេកទេសជាពិសេសផ្នែកសំណង់ ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ដព្រះសីហនុ ដើម្បីចុះពិនិត្យមើល ជាក់ស្តែង៕
ដោយ ៖ ម៉ាដេប៉ូ
