សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដី

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៩មីនា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដី ។

សមកដេចធិបតី បានបញ្ជាក់ដូច្នេះថា ជាដំបូងខ្ញុំសូមចូលរួមនូវការសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ នៅរសៀលសុក្រ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ។

ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយ:ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងទីប្រឹក្សាពលកររបស់យើង បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយប្រជាពលកររបស់យើង ដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីបន្តតាមដានការវិវត្តស្ថានភាព និងផ្តល់ការជួយអន្តរាគមន៍ សំដៅជួយដល់បងប្អូនយើងបានទាន់ពេលវេលា និងតម្រូវការជួយសង្គ្រោះផ្សេងៗផងដែរ។

សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ជាពិសេសនៅទីតំបន់រងគ្រោះដោយការរញ្ជួយដីជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។ ក្នុងន័យនេះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសទាំងពីរ និងទីប្រឹក្សាពលករ បាននិងកំពុងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើកិច្ចការងារនេះ និងសហការជាមួយសមត្ថកិច្ចនៅហ្នឹងកន្លែង ដើម្បីផ្ដល់នូវកិច្ចការអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះឱ្យអស់លទ្ធភាពនិងបានទាន់ពេលវេលា។

សូមអំពាវនាផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ា ដែលមានតម្រូវការ ឬត្រូវការផ្តល់ព័ត៌មានផ្សេងៗ សូមទាក់ទងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនីមួយៗ។

ខ្ញុំសូមជូនពរឱ្យឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ទទួលបាននូវសេចក្តី សុខនិងរួចផុតពីសេចក្តីគ្រោះថ្នាក់ទាំងឡាយ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner