កម្ពុជា និង ចិន រៀបចំសិក្ខាសាលាស្តីពីអាថ៌កំបាំងធ្វើឱ្យអាយុវែង

ភ្នំពេញ ៖ ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តីថ្លែងថា សិក្ខាសាលាស្តីពីអាថ៌កំបាំងធ្វើឱ្យអាយុវែងនាថ្ងៃនេះ មិនត្រឹមតែជាការបើកទំព័រថ្មីមួយ សម្រាប់ការថែទាំសុខភាពនៅកម្ពុជាប៉ុណ្ណោះទេ តែមានក៏ជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើវិស័យវេជ្ជសាស្ត្រផងដែរ។

ឯកឧត្តម សំហេង បុរស បានមានប្រសាសន៍បែបនេះ នៅក្នុងកម្មវិធីសិក្ខាសាលាស្តីពីអាថ៌កំបាំងធ្វើឱ្យអាយុវែង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នៅអគារ Morgan Tower ទីក្រុងកោះពេជ្រ ដែលរៀបចំឡើងដោយមន្ទីរពេទ្យ Superior Med ដោយមានវត្តមានចូលរួមពីលោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យមកពីប្រទេសចិន និងនៅកម្ពុជា។

ឯកឧត្តម សំហេង បុរស បន្តថា លោក Jason និងលោកស្រី Ido គឺជាអ្នកដែលបានខិតខំប្រឹងប្រែង និងស្វះស្វែងក្នុងការរៀបចំសិក្ខាសាលានាថ្ងៃនេះអាចដំណើរការទៅបាន ដោយភាពជឿជាក់លើសក្តានុពលរបស់កម្ពុជា។ ខ្ញុំសូមអរគុណចំពោះកិច្ចប្រឹងប្រែងរបស់អ្នកទាំងពីរ ក្នុងការ
ជំរុញ និងលើកកម្ពស់នូវសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

ឯកឧត្តមក៏សូមថ្លែងអំណរគុណចំពោះលោកវេជ្ជបណ្ឌិត Dale Li ដែលជាអ្នកជំនាញផ្នែកវេជ្ជសាស្ត្រដ៏ល្បីល្បាញ ដែលលោកជាគ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទ និងជាអ្នកស្រាវជ្រាវវេជ្ជសាស្ត្រ ពីសាកលវិទ្យាល័យ Cambridge ព្រមទាំងមានបទពិសោធន៍ជាច្រើនឆ្នាំលំដាប់ពិភពលោក បង្កើតនូវឱថស និងវិធីសាស្ត្រក្នុងការធ្វើឱ្យមនុស្សមានអាយុវែង ដែលបានចំណាយពេលវេលាយ៉ាងមមារញឹក និងមានតម្លៃ ដើម្បីធ្វើបទបង្ហាញអំពី “អាថ៌កំបាំងធ្វើឱ្យអាយុវែង” នាថ្ងៃនេះ។

លោកវេជ្ជបណ្ឌិត Dale Li ដែលបានមើលឃើញពីសក្តានុពលរបស់កម្ពុជា និងបានកំណត់កម្ពុជា ជាទិសដៅក្នុងការបង្កើតមន្ទីរពេទ្យនៅកម្ពុជា ដែលជាផ្នែកមួយរបស់មន្ទីរពេទ្យ Superior Med នៅទីក្រុងឆឹងទូ ប្រទេសចិន និង មន្ទីរពេទ្យ King’s Hospital នៅទីក្រុងឌូបៃ នៃប្រទេសអារ៉ាបរួម។

ឯកឧត្តមបន្ថែមថា សម្រាប់មន្ទីរពេទ្យដែលនឹងលេចរូបរាងនៅកម្ពុជា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ វាមិនត្រឹមតែជាកន្លែងសម្រាប់ព្យាបាលជំងឺប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាកន្លែងសម្រាប់បង្ការជំងឺ ការពន្យាអាយុជីវិត ការព្យាបាល ឬផ្សំកោសិកា ហើយមិនត្រឹមតែបើកទទួលព្យាបាលសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែក៏បើកទទួលអ្នកជំងឺដែលអញ្ជើញមកពីបណ្ដាប្រទេសនានាក្នុងតំបន់ និងជាមន្ទីរលំដាប់ថ្នាក់អន្តរជាតិមួយរបស់កម្ពុជា។ លើសពីនេះ មន្ទីរពេទ្យនេះក៏នឹងក្លាយជាកម្លាំងចលករក្នុងការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យមកកម្ពុជា ដើម្បីទទួលបាននូវការព្យាបាល និងថែទាំសុខភាព ក្រៅពីការដំណើរកម្សាន្តនៅតាមរមណីដ្ឋាន ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។

ឯកឧត្តម សំហេង បុរស បានបញ្ជាក់ទៀតថា ដំណើរទស្សកិច្ចរបស់ឯកឧត្តមទៅកាន់មន្ទីរពេទ្យ Superior Med នៅទីក្រុងឆឹងទូ ប្រទេសចិន កាលពីខែតុលា កន្លងទៅនេះ បានធ្វើឱ្យឯកឧត្តមឃើញថា មន្ទីរពេទ្យនោះ មិនមែនគ្រាន់តែជាកន្លែងព្យាបាលជំងឺនោះទេ តែវាជាមន្ទីរពិសោធន៍ ជាសាលារៀន ជាកន្លែងបង្ការ ជាកន្លែងលើកទឹកចិត្ត និង លើកកម្ពស់សុខុមាលភាព គុណតម្លៃនៃជីវិត ភាពរឹងមាំ ក្នុងការធ្វើឱ្យយើងអាចមានអាយុវែង ដែលនេះខ្ញុំអាចនិយាយបានថា ជាវេជ្ជសាស្ត្រដ៏ទំនើបក្នុងយុគសម័យនេះ។

សម្រាប់ឯកឧត្តមផ្ទាល់មានឃ្លាមួយថា ប្រជាជាតិមួយអាចអស្ចារ្យទៅបាន គឺវាមិនអាស្រ័យតែលើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ តែមួយប៉ុណ្ណោះនោះទេ គឺចាំបាច់ត្រូវយកចិត្តទុកដាក់អំពីសុខុមាលភាពរបស់ប្រជាជន ព្រោះថាបើប្រជាជនមានសុខភាពល្អ នោះផលិតភាពនឹងកើនឡើង ដែលនាំឱ្យមានកំណើនសេដ្ឋកិច្ច ប្រជាជននឹងរស់នៅដោយភាពសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម។ ឯកឧត្តម សំហេង បុរស សង្ឃឹម និងជឿជាក់ថាសិក្ខាសាលានាថ្ងៃនេះ គឺគ្រាន់តែជាការចាប់ផ្ដើមនៃការបើកទំព័រថ្មីមួយសម្រាប់វិស័យវេជ្ជសាស្ត្រនៅកម្ពុជារបស់យើងប៉ុណ្ណោះទេ និងជាចំណេះដឹងថ្មីមួយសម្រាប់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលអញ្ជើញមានវត្តមាននៅទីនេះផងដែរ៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner