ហ្វីលីពីនទិញយន្តហោះF-16 ២០គ្រឿងពីអាមេរិក
បរទេស ៖ សហរដ្ឋអាមេរិកបាននិយាយ កាលពីថ្ងៃអង្គារថា ខ្លួនបានយល់ព្រមលក់យន្តហោះចម្បាំង F-16 តម្លៃ ៥.៥៨ពាន់លានដុល្លារ ទៅឱ្យប្រទេស ហ្វីលីពីន។
សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសអាមេរិក បាននិយាយថា ការលក់ រួមមានយន្តហោះ F-16 ចំនួន២០គ្រឿង និងឧបករណ៍យោធាពាក់ព័ន្ធផ្សេងទៀត។
ក្រសួងថា ការលក់នេះនឹងធ្វើឱ្យប្រសើរឡើង នូវសន្តិសុខរបស់ដៃគូយុទ្ធសាស្ត្រ ដែលបន្តជាកម្លាំងដ៏សំខាន់ សម្រាប់ស្ថិរភាពនយោបាយ សន្តិភាព និងវឌ្ឍនភាពសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សេចក្តីថ្លែងការណ៍គូសបញ្ជាក់ថា «ការលក់នេះនឹងជំរុញសមត្ថភាពរបស់កងទ័ពអាកាសហ្វីលីពីន យល់ដឹងអំពីដែនសមុទ្រ និង ពង្រឹងការការពារដែនអាកាស»
ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ានីល នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានប្តេជ្ញាថា នឹង «បង្កើតការទប់ស្កាត់ឡើងវិញ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ថ្មីៗនេះ បានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តការពារជាតិ របស់សហរដ្ឋអាមេរិក ចំពោះប្រទេសហ្វីលីពីន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត