ឯកឧត្តម អឹមរ៉ន ហាស្សាន់ ៖ វិស័យសុខាភិបាល នៅរាជធានីភ្នំពេញ រីកចម្រើនគួរឲ្យកត់សំគាល់

(ភ្នំពេញ)៖ តាមរយៈសមិទ្ធផលការងារ ឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ គឺពិតជាបានបង្ហាញឱ្យឃើញពីភាពរីកចម្រើនលើវិស័យសុខាភិបាល នៅរាជធានីភ្នំពេញ គួរឲ្យកត់សំគាល់ ទាំងលើការផ្តល់សេវា ក៏ដូចជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្តផងដែរ ។

ការសម្រាលកូននៅមូលដ្ឋានសុខាភិបាលសាធារណៈ ការផ្តល់សេវាពន្យារកំណើត ការពិនិត្យផ្ទៃពោះ មុនសម្រាល ដោយបុគ្គលិកសុខាភិបាល កុមារអាយុ ក្រោម១ឆ្នាំ ទទួលថ្នាំបង្ការជំងឺរបេង និងវ៉ាក់សាំងការពារជំងឺកញ្ជ្រិល បានកើនឡើងជាលំដាប់។

ការគ្រប់គ្រងសេវាសុខាភិបាលឯកជន និងឱសថស្ថានឯកជនត្រូវបានពង្រឹង ឱសថស្ថាន-ឱសថស្ថានរង មន្ទីរពហុព្យាបាល មន្ទីរសំរាកព្យាបាល និងបន្ទប់ពិគ្រោះព្យាបាល ជំងឺត្រូវបានត្រួតពិនិត្យជាទៀងទាត់រៀងរាល់ខែ។ ការរីកចម្រើនទាំងអស់នេះ គឺច្បាស់ណាស់ កើតចេញមកពីកិច្ចសហការល្អរវាងក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ-សង្កាត់ និងអង្គការដៃគូអភិវឌ្ឍន៍វិស័យសុខាភិបាលនានា ដែលជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅក្នុងរាជធានីភ្នំពេញ។

នេះគឺជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម អឹមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ។

ក្នុងឱកានោះដែរ លោក ងី មានហេង ប្រធានមន្ទីរសុខា​ភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ មានមន្ទីរពេទ្យ​បង្អែករាជធានីភ្នំពេញ១ ការិយាល័យស្រុកប្រតិបត្តិចំនួន ០៧ ដែលមានមន្ទីរពេទ្យបង្អែកកម្រិត CPA1 ចំនួន ០៧ មណ្ឌលសុខភាពចំនួន៤៦ និងប៉ុស្តិ៍សុខភាព ចំនួន ៥ទីតាំង មានមន្ត្រី និងបុគ្គលិកសុខាភិបាលចំនួន ១.៣៨៤រូប (ស្ត្រីចំនួន ៧៨៩រូប)។ មូលដ្ឋានសុខាភិបាលសាធារណៈ​នៅ​រាជធានីភ្នំពេញ មានគ្រែសរុបចំនួន ៤៥៤គ្រែ បានទទួល ពិនិត្យពិគ្រោះជំងឺជូនប្រជាពលរដ្ឋចំនួនសរុប៤៧០.៩៥៤ករណី៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner