ឯកឧត្តម ហេង សួរ ៖ទីភ្នាក់ងារ​បារាំង​សម្រាប់អភិវឌ្ឍន៍​(AFD) បាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលកម្លាំងជំនាញ

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានលើកឡើងថា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) បាននិងកំពុង​ចូលរួម​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាល​កម្លាំងជំនាញនៅប្រទេសកម្ពុជា ដើម្បីសម្រេចគោលដៅប្រែ​ក្លាយ​ប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិត​ខ្ពស់ នៅឆ្នាំ២០៣០។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី​បាន​សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំង​ពីរគឺមាន​សារសំខាន់ណាស់ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលនឹងកើតឡើងនៅពេលអនាគតពាក់ព័ន្ធនឹងការប្រកួតប្រជែងជាអន្តរជាតិនៃទីផ្សារការងារ និងកម្លាំងជំនាញ។

ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ កាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសទទួលជួបគណៈប្រតិភូនៃ​ទីភ្នាក់​ងារ​អភិវឌ្ឍន៍បារាំង (AFD) ដឹកនាំដោយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍​ប្រចាំកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទីភ្នាក់ងារ​អភិវឌ្ឍ​ន៍​បារាំងដែលកំពុងផ្តល់នូវកិច្ចសហការបណ្តុះ​បណ្តាល​ជំនាញ​នៅកម្ពុជា ដោយសង្ឃឹមយ៉ាងមុតមាំថាភាគីទាំងពីរ​នឹង​ខិតខំ​ស្វែងរកកិច្ចសហការថ្មីៗបន្ថែមទៀតដើម្បី​ពង្រីក​កម្លាំងជំនាញនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងដើម្បីជំរុញសេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃកម្មវិធី​បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជា​គោលនយោបាយអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជាស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ផងដែរ។

ជាការឆ្លើយតប លោកស្រី Sandrine Boucher បានគូសបញ្ជាក់ថា ការផ្តល់ការគាំទ្រដល់កម្ពុជា​ដើម្បី​អភិវឌ្ឍន៍កម្លាំងជំនាញ គឺជាវត្ថុបំណងដ៏ចម្បងមួយរបស់​ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ជាមួយរដ្ឋាភិបាលកម្ពុជា ដោយ AFD បាននិងកំពុងបន្តកិច្ចសហការជាមួយ​បណ្តា​ភាគីពាក់ព័ន្ធជាច្រើនឆ្នាំមកហើយ។

លោកស្រីគូសបញ្ជាក់ថា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍​នឹង​បន្តកិច្ច​សហការយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការដោះស្រាយបញ្ហាប្រឈមសម្រាប់ពេលអនាគត និងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកម្លាំងជំនាញនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដើម្បីសម្រេចគោល​ដៅ និងឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner