អូស្ត្រាលីហួសចិត្តនឹងការតំឡើងពន្ធរបស់អាមេរិក២៩%លើកោះតូចមួយ

បរទេស៖ នាយករដ្ឋមន្ត្រី ប្រទេសអូស្ត្រាលី បានសម្តែងនូវការហួសចិត្តនឹងលោក លោកប្រធានាធិបតីអាមេរិក Donald Trump ដែលបានប្រកាសតំឡើងពន្ធ ២៩ភាគរយ លើកោះតូចមួយ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍នេះ។

លោក Anthony Albanese បានលើកឡើងថា «ខ្ញុំមិននឹកស្មានសោះថា ការនាំចេញរបស់កោះ Norfolk ទៅសហរដ្ឋអាមេរិក មានក្នុងបញ្ជីតំឡើងពន្ធ ដោយលោកបន្ថែមទៀតថា
«កោះនេះមិនគួរណាក្លាយជាគូប្រកួតប្រជែងពាណិជ្ជកម្មខ្លាំង ជាមួយសេដ្ឋកិច្ចយក្សរបស់អាមេរិកសោះ»។ លោកបានអះអាងថា ការណ៍នេះ បង្ហាញច្បាស់ថា «គ្មានកន្លែងណា នៅលើផែនដីនេះ ត្រូវបានលើកលែង ពីរឿងនេះទេ»។

កោះដ៏តូច មានទីតាំងក្នុងតំបន់ប៉ាស៊ីហ្វិក មួយនេះ ស្ថិតនៅចម្ងាយ ១,៦០០ គីឡូម៉ែត្រភាគឦសាន នៃទីក្រុងស៊ីដនី ហើយពឹងផ្អែកខ្លាំង លើវិស័យទេសចរណ៍។

កោះដែលមានមនុស្សរស់នៅប្រមាណ ជាង២,០០០នាក់ ភាគច្រើនកើតចេញ ពីបុព្វបុរស HMS Bounty មួយនេះ
គឺជាអ្នកនាំចេញទំនិញទៅអាមេរិក លំដាប់លេខរៀងទី២២៣ គិតត្រឹមឆ្នាំ២០១៩ ដោយកាលណោះ មានតម្លៃ១.៧លានដុល្លារអាមេរិក ភាគច្រើនគឺជាគ្រាប់សណ្តែកសៀង និង គ្រាប់ពូជរុក្ខជាតិតូចៗ។

គួរបញ្ជាក់ថា កោះ Norfolk ស្ថិតក្នុងបញ្ជីតំឡើងពន្ធ ទំនិញនាំចូលពីប្រទេស និងតំបន់ចំនួន ១៨០ នៅជុំវិញពិភពលោក ដែលលោក Donald Trump ប្រកាស កាលពីថ្ងៃពុធ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner