វត្តសំពៅផល មានអាយុកាលជាង ១០០ឆ្នាំ ជាសម្បត្តិ​បេតិក​ភ័ណ្ឌជាតិ

(ខេត្តបន្ទាយមានជ័យ)៖ វត្តរតននិមិត្តសំពៅផល ឋិតនៅ ភូមិ​ព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមា​ន​​ជ័យ មានអាយុកាលជាង ១០០ឆ្នាំដែលជាសម្បត្តិបេតិក​ភ័ណ្ឌជាតិ ហើយត្រូវបានធ្វើពិធីសម្ពោធឆ្លងព្រះវិហារថ្មី កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៥ នេះ ។

ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្ត បន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានរំលឹកពីវត្តរតននិមិត្តសំពៅផល ឋិតនៅ ភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ គឺមាន​អាយុ​កាល១៥៩ឆ្នាំមកហើយដែលចាត់ចូលជា​សម្បត្តិ​បេតិកភ័ណ្ឌជាតិ ។ វត្តអារាមមួយនេះសាងឡើងក្រោយ​សម័យ​អណានិគមនិយមបារាំង។ ឆ្លងកាត់របបប៉ុលពត មកដល់ថ្ងៃរំដោះ១៩៧៩ រហូតមកទល់ឆ្នាំ២០២៥ សមទ្ធិ​ផល​វត្តមួយនេះត្រូវបានកសាងអភិវឌ្ឍឡើងជាបណ្ដើរៗ ជាក់ស្ដែង ព្រះវិហារថ្មី ដែលបានសម្ពោធពេលនេះក្រោមការ​ឧបត្ថម្ភពីពុទ្ធបរិស័ទនិងក្រុមការងារ ចុះមូលដ្ឋាន ។

ឯកឧត្តម កែ គឹមយ៉ាន បានបញ្ជាក់ថា ទូទាំងខេត្តមាន​វត្តចំនួន ២៥៥វត្ត និងវត្តអារាមចំណាស់ ឬបុរាណដែល​មានអាយុកាល គិតចាប់ពី ១០០ឆ្នាំឡើងសរុប ៨២វត្ត​បានចាត់ចូលជាសម្បត្តិ បេតិកភ័ណ្ឌវប្បធម៌ជាតិ ។ ដូច្នេះ​ចូរពុទ្ធបរិស័ទ ក៏ដូចប្រជាពលរដ្ឋខ្មែរ បន្តឧបត្ថម្ភគាំទ្រ​ជួយថែរក្សាមរតក៌ពុទ្ធសាសានាឬវប្បធម៌ខ្មែរឲ្យឋិតឋេរគង់វង្យតរៀងទៅ ដ្បិតវប្បធម៌និងសាសនារលត់ នោះជាតិ​បាត់បង់ ។ ហើយមួយវិញទៀត ពុទ្ធសាសនាបានបណ្ដុះ​បណ្ដាល​មូលធនមនុស្សនិងបានរួមចំណែក នាំមកនូវ​សុខសន្តិភាពផងដែរ ។

លោក រ័ត្ន ដាស៊ីណង់ បានឲ្យដឹងថា វត្តរតននិមិត្តសំពៅផល ស្ថិតក្នុងភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្ត​បន្ទាយមានជ័យ ផ្តើមកសាងនៅអំឡុងឆ្នាំ១៨៦៦ ក្រោម​ការដឹកនាំកសាង ។ទន្ទឹមនឹងនេះព្រះវិហារថ្មី ដែល​មាន​បណ្តោយប្រវែង ២២ម៉ែត្រ ទទឹងប្រវែង ១២,៤៥ម៉ែត្រ មានរចនាបទខ្មែរសុទ្ធសាធ បានផ្តើមកសាងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បញ្ចប់ ការសាងសង់​ជាស្ថាពរ​នៅដើម​ឆ្នាំ២០២៥ ដោយចំណាយថវិកាសរុប ៣២៨.៤៤១ដុល្លារ ហើយសមិទ្ធផលទាំងអស់នេះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់​នាពេលនេះ តទៅ ៕

ដោយ ៖ គៀន ច័ន្ទហ៊ីន

ads banner