ក្រុមហ៊ុន CCCC បង្ហាញការប្តេជ្ញាចូលរួមចំណែកអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Chen Zhong អនុប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ។

ក្នុងជំនួបនេះ, លោក Chen Zhong បានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែផ្តោតអាទិភាពលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលនេះជាការបង្កើតបរិយាកាសដ៏ល្អសម្រាប់វិនិយោគក្នុងវិស័យនេះ នៅកម្ពុជា។

ទន្ទឹមនេះ, លោកអនុប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន CCCC នៅកម្ពុជា និងបានជម្រាបជូនសម្តេចបវរធិបតីអំពីសកម្មភាពរបស់ក្រុមហ៊ុនដែលជាក្រុមហ៊ុនវិស្វកម្មចិនឈានមុខគេ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ដឹកជញ្ជូន និង ភស្តុភារកម្ម។

លោកអនុប្រធានក្រុមហ៊ុន បានបន្ថែមថា ក្រុមហ៊ុន CRBC ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CCCC បានធ្វើប្រតិបត្តិការនៅកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំ ដោយបានបង្កើតការងារជាង ៣០,០០០ កន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា, បានកសាងផ្លូវប្រវែងជាង ២,០០០គីឡូម៉ែត្រ និងបានចូលរួមចំណែកក្នុងកិច្ចការសង្គម ដូចជា៖ ការសាងសង់សាលារៀន និងផ្លូវជនបទ ជាដើម។ លោកអនុប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូន អំពីកិច្ចសហការដ៏ល្អរវាងក្រុមហ៊ុន និងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និង ប្តេជ្ញាចូលរួមអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យដឹកជញ្ជូន ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហការដ៏ល្អរវាងក្រុមហ៊ុន និង ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ក្រុមហ៊ុនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា។

សម្តេចបវរធិបតី បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងការដាក់ចេញនូវយន្តការ ក៏ដូចជាផែនការចំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលមានសារៈសំខាន់ និងមានសក្តានុពលខ្ពស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ សម្តេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការល្អ និង កាន់តែជិតស្និទ្ធ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner