អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ៖ កីឡានាំឱ្យយុវជនមានសាមគ្គីភាព មិត្តភាព និងបង្កើនភាពជិតស្និតជាមួយគ្នា
(ភ្នំពេញ)៖ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានឱ្យដឹងថា កីឡាមិនត្រឹមតែធ្វើឱ្យសុខភាពល្អ និងកាយសម្បទារឹងមាំប៉ុណ្ណោះទេ ប៉ុន្តែនាំឱ្យយុវជនមានសាមគ្គីភាព មិត្តភាព និងបង្កើនភាពជិតស្និតជាមួយគ្នា និងជាផ្នែកមួយដ៏សំខាន់ ក្នុងការគួបផ្សំគ្នាឱ្យជីវិត និងការសិស្សាទទួលបានភាពជោគជ័យ ព្រមទាំងបំផុសស្មារតីឱ្យពួកគេចេះធ្វើការជាក្រុម ។ នេះជាការលើកឡើងរបស់លោកអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ក្នុងឱកាសបិទការប្រកួតកីឡាចំបាប់យុវជន ឆ្នាំ២០២៥ និងជាលើកទី២ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ ។
លោក ខេស៊ី បាណេត បានបញ្ជាក់ថា ៖ ការរៀបចំការប្រកួតនេះឡើង គឺក្នុងគោលបំណង ត្រៀមលក្ខណៈចូលជាកីឡាករ – កីឡាការិនីជម្រើសជាតិ និងធ្វើការផ្សព្វផ្សាយ ដើម្បីអភិវឌ្ឍន៍កីឡារចំបាប់កម្ពុជាឲ្យដូចបណ្តាប្រទេសនានា បង្កើតឱកាសឲ្យយុវវ័យបង្ហាញនូវសមត្ថភាពអន្តរជាតិពិតប្រាកដ និងជំរុញលើកទឹកចិត្តឲ្យយុវវ័យចេះហ្វឹកហាត់កីឡាជាសុខភាព និងជំនាញ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាចំបាប់យុវជន ឆ្នាំ២០២៥ មានការចូលរួមយ៉ាងផុសផុល គឺមានកីឡាករ-កីឡាការិនីរហូតដល់ ១៧៩នាក់ មកពី ១៧សមាគម/ក្លិប ដែលប្រកួតលើ ១១វិញ្ញាសា ជាមួយប្រភេទអាយុ ចន្លោះពី ៨ឆ្នាំ រហូតដល់អាយុ ១៧ឆ្នាំ ។
សម្រាប់ការប្រកួតកីឡាចំបាប់យុវជន ឆ្នាំ២០២៥ ក្លិបកីឡាចំបាប់ ព្រះធាតុ ខេត្តពោធិ៍សាត់ ដណ្តើមបានមេដាយមាស ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង គ្រងតំណែងជើងឯកប្រចាំឆ្នាំ២០២៥ ក្លិបកីឡាចំបាប់ គីរី ដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង ក្លិបកីឡាចំបាប់ CamED ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង និងក្លិបកីឡាចំបាប់ ឃ្លាំងមឿង ខេត្តពោធិ៍សាត់ ដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង។ ក្លិបកីឡាចំបាប់ យូដូ ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង ក្លិបកីឡាចំបាប់ បារមីមេទ័ពម៉ឺនឯកវិហារសួគ៌ ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង ក្លិបកីឡាចំបាប់ យាយព្រីងមានរិទ្ធី ដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង និងក្លិបកីឡាចំបាប់ Project Aokas ដណ្តើមបានមេដាយមាស ១ គ្រឿង ៕







ដោយ / គ្រី សម្បត្តិ