កម្ពុជា ពង្រីកហេដ្ឋារចនាសម្ព័ន្ធ តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានប្ដេជ្ញាកសាងសមិទ្ធផលថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពីធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស «មរតកតេជោ» ដែលមានកម្ពស់ ២ជាន់លើកដំបូងនៅកម្ពុជា ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ចំណាយថវិកាសាងសង់ជាង ៣៦លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ។
សម្ដេចធីបតី បានមានប្រសាសន៍ថា សមិទ្ធផលថ្មី “ស្ពានអាកាសមរតកតេជោ” នឹងអាចដោះស្រាយ បញ្ហាការកកស្ទះចរាចរណ៍នៅនឹងកន្លែង និងដើរតួ ជាចំណុចតភ្ជាប់វិស័យដឹកជញ្ជូន និង ប្រព័ន្ធឡូជីស្ទីក នៃភាគខាងត្បូងរាជធានីភ្នំពេញ ។ រាជរដ្ឋាភិបាល បានគិតគូរយ៉ាងហ្មត់ចត់ នូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូន ទាំងតាមផ្លូវអាកាស ផ្លូវគោក និង តាមផ្លូវទឹក ឱ្យមានភាពប្រទាក់ក្រឡា ដើម្បីគាំទ្រ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន ។
សម្ដេចធិបតី បានបញ្ជាក់ថា យើងមិនអាចហាមឃាត់ ពលរដ្ឋមិនឱ្យទិញឡាន ទិញម៉ូតជិះបាននោះទេ តែយើង ត្រូវរកវិធីក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋវិញនោះទើបជាការត្រឹមត្រូវ ព្រោះបើពលរដ្ឋ កាលណា គាត់មានលុយហើយ គឺគាត់ទិញឡាន ទិញម៉ូតូជិះហើយ ហើយយើងក៏មិនអាចកំណត់ថា ក្នុង ១គ្រួសារ ឱ្យមានម៉ូតូប៉ុន្មាន មានឡានប៉ុន្មានបាននោះទេ ។
សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ មាន ផ្លូវ ស្ពាន ជាដើម គឺយើងមិនត្រូវដើរថយក្រោយទេ គឺត្រូវតែបុរេសកម្ម ព្រោះវាទាមទារឱ្យយើងត្រូវបន្តធ្វើបន្ថែមទៀត ។
សម្តេច បញ្ជាក់ថា ខ្ជិលឆ្លើយតបចំពោះអ្នកដែលនិយាយថា យើងអត់បានធ្វើអ្វីនោះ ផ្ទុយទៅវិញ សម្តេច គិតតែដើរសម្ពោធសមិទ្ធផល និងបើកការដ្ឋាន ឱ្យបានកាន់តែច្រើនទៅ នោះគឺវាចប់រឿងទៅហើយ ពោល គឺអ្នកឯងកាន់តែថា ខ្ញុំកាន់តែធ្វើឱ្យបានកាន់តែច្រើន ពេលធ្វើហើយ ដាក់ជូនពលរដ្ឋប្រើប្រាស់ ដោយឥតបង់លុយ តួយ៉ាងដូចជា ស្ពានអាកាសមរតកតេជោ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនា ពេលនេះជាដើម ដែលនេះហើយ គឺជាវឌ្ឍនភាព នៃការអភិវឌ្ឍប្រទេសជាតិរបស់យើងនៅលើគ្រប់វិស័យ ទាំងអស់ ដោយយើងមិនអាចមើលតែរឿងណាមួយបាននោះទេ គឺគ្រប់រឿងទាំងអស់ វាមានបញ្ហា វាគ្មាន អ្វីដែលថា គ្រប់គ្រាន់ ហើយអត់មានបញ្ហានោះទេ យើងត្រូវរួមគ្នា បន្តដោះស្រាយក្នុងវិស័យនីមួយៗជា ជំហានៗ ពីសមិទ្ធផលមួយ ទៅសមិទ្ធផលមួយ តាមពាក្យខ្មែរមួយឃ្លាថា «តក់ៗពេញបំពង់» ការដើរ ១០០ ជំហាន គឺត្រូវតែចាប់ផ្តើមពីជំហានទី១ ដែលថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត លើជំហានជាច្រើន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា ដែលយើងនឹងមិនឈប់ទេ យើងនឹងបន្តធ្វើដំណើរជាបន្តទៅទៀត ដើម្បីឱ្យពលរដ្ឋ កាន់តែងាយស្រួល និងការជាឆ្លើយតបទៅនឹងកំណើន នៃរថយន្ត និងម៉ូតូ ក៏ដូចជា កំណើនរបស់ប្រជាជនកម្ពុជា ដោយសម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល គ្មានការកំណត់ ដូចប្រទេសខ្លះសម្រាប់ពលរដ្ឋរបស់ខ្លួននៅក្នុងការទិញឡានមកប្រើប្រាស់នោះទេ តែផ្ទុយទៅវិញ គឺមានតែការលើកទឹកចិត្តឱ្យទិញ ហើយរដ្ឋ គឺជាអ្នកខិតខំពង្រីកហេដ្ឋារចនាសម្ព័ន្ធជូនពលរដ្ឋប្រើប្រាស់ រៀបចំមធ្យោបាយដឹកជញ្ជូនសាធារណៈ ដែលរថយន្តក្រុងត្រូវតែពង្រីកបន្ថែម ។
ចំពោះការដោះស្រាយការកកស្ទះចរចរណ៍ ជាពិសេស នៅក្នុងរាជធានីភ្នំពេញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា មិនមែនត្រឹមតែ កសាងផ្លូវបន្ថែមទៀតនោះទេ គឺយើងត្រូវគិតគូ អំពីការរៀបចំចរន្តនៃចរាចរណ៍ផងដែរ ដោយសម្តេច បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអភិបាលរាជធានីភ្នំពេញ រួមគ្នាពិភាក្សា ក្នុងការរៀបចំលំហូរចរាចរណ៍ ឱ្យបានល្អ ដើម្បីចៀសវាងការកកស្ទះចរាចរណ៍ ដោយមិនត្រូវរៀបចំតែតាមប្លុកនោះទេ គឺត្រូវរៀបចំ នៅទូទាំងរាជធានីភ្នំពេញ ព្រោះវាមានភាពប្រទាក់ក្រឡាគ្នា ពីផ្លូវមួយទៅផ្លូវមួយ ៕






អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ