ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
(ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នាថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងបងប្អូនសហគមន៍ខ្មែរ-និស្សិតខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ព្រមទាំងមិត្តជប៉ុន សរុបប្រមាណជា ៣០០នាក់ ក្នុងបរិយាកាសរីករាយ សាមគ្គីភាព និងស្និទ្ធស្នាលបំផុត ។
នាឱកាសនោះ ឯកឧត្តម ទុយ រី បានពាំនាំនូវការផ្តាំសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋខ្មែរពីសំណាក់ថ្នាក់ដឹកនាំរបស់កម្ពុជា គឺ សម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ។
ឯកឧត្តមឯកអគ្គរាជទូតបានរំលេច នូវសមិទ្ធផលលេចធ្លោសំខាន់ៗរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី , សារសំខាន់នៃសន្តិភាពដែលមិនអាចកាត់ថ្លៃបាន ដែលនាំឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍគ្រប់វិស័យរហូតដល់បច្ចុប្បន្ន និងទំនាក់ទំនងដ៏ល្អប្រពៃរវាងកម្ពុជា និងជប៉ុន បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០២៣មក ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានធ្វើពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្តី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រួមទាំងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ព្រមទាំងមានការលេងល្បែងប្រជាប្រិយខ្មែរ ដូចជា បោះអង្គុញ ទាញព្រ័ត្រ ចោលឈូង ដណ្តើមស្លឹកឈើ រាំដណ្តើមកៅអី ការរាំលេងកម្សាន្ត និងពិសាអាហារសាមគ្គី ប្រកបដោយបរិយាកាសរីករាយ សាមគ្គីភាព និងស្និទ្ធស្នាល ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។
ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តមឯកអគ្គរាជទូត បានបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាមគោរាគៈទេវី សូមជួយតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សេរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមបានប្រកបដោយពុទ្ធិពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕






ដោយ / គ្រី សម្បត្តិ