រដ្ឋមន្ត្រីក្រសួងធនធានទឹក នាំយកអំណោយផ្តល់ជូនកងទ័ព ឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ
(ខេត្តព្រះវិហារ)៖ «កងទ័ពគឺជាសមរភូមិមុខ ហើយក្នុងនាមយើងខ្ញុំជាសមរភូមិក្រោយ រង់ចាំជួយជ្រោមជ្រែងជាប់ជានិច្ច និងផ្តល់នូវអ្វីដែលជាតម្រូវការចាំបាច់សម្រាប់កងទ័ព ទាំងស្មារតីនិងសម្ភារៈ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ កម្ពុជា និងប្រសាសន៍ណែនាំ ប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដល់ក្រសួង ស្ថាប័ន អង្គភាពស៊ីវិល និងក្រុមហ៊ុនឯកជន ដើម្បីបានចងសម្ព័ន្ធមេត្រីភាព ជាមួយបណ្តាអង្គភាព នៃកងយោធពលខេមរភូមិន្ទ ផ្សារភ្ជាប់រវាងសមរភូមិមុខ ជាមួយសមរភូមិក្រោយ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យកងទ័ព ឱ្យកាន់តែល្អប្រសើរថែមទៀត» ។
នេះជាប្រសាសន៍លើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា
ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ខណៈអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា រួមទាំងគ្រឿងឧបភោគ បរិភោគ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន កងវរសេនាតូចលេខ៤៤៦-៤៤៧ ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅតំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
អំណោយរួមមាន ៖ គ្រឿងឧបភោគ បរិភោគ និងថវិកាសរុប ១០០លានរៀល ប្រគល់ជូនកងកម្លាំង នៃអង្គភាពវរសេនាតូចលេខ៤៤៦-៤៤៧ និងផ្នែកសឹករងជាំក្សាន្ត ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានថ្លែងថា ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម តែងតែយកចិត្តទុកដាក់ គិតគូរពីទុក្ខលំបាករបស់កងកម្លាំងប្រដាប់អាវុធជួរមុខ និងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ដល់អង្គភាពជួរមុខកន្លងមក ។
ឯកឧត្តម ថោ ជេដ្ឋា បានកោតសរសើរចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារជំនះគ្រប់ឧបសគ្គ ចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិកម្ពុជានៃយើង ៕





ដោយ ៖ ឡុង សំបូរ