អភិបាលខេត្តកំពត ៖ មន្ត្រីត្រូវខិតខំអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជាមេដឹកនាំល្អ និងជាគំរូល្អ នៅក្នុងសង្គម

(ខេត្តកំពត)៖ ថ្លែងនៅក្នុងពិធីសំណេះសំណាលមន្ត្រីរាជការនៃសាលាខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ត្រីសាលាខេត្តទាំងអស់ ក្នុងការជួយជ្រោងឱ្យរដ្ឋបាលខេត្តសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន ហើយលទ្ធផលការងារដ៏ល្អប្រសើរនេះ អាស្រ័យដោយមន្ត្រីទាំងអស់ចេះរួមសាមគ្គី និងចេះគោរពតាមតួនាទីភារកិច្ច និងការងាររបស់ខ្លួនបានល្អ ធ្វើឱ្យពលរដ្ឋពេញចិត្ត និងកោតសរសើរចំពោះតម្លៃនៃការងារ និងសេចក្តីថ្លៃថ្នូរបស់មន្ត្រីសាលាខេត្តកំពត ហើយមិនដែលលេចលឺពាក្យមិនល្អ ឬមានពាក្យបណ្តឹងណាមួយនោះទេ។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ត្រីទាំងអស់ ឱ្យខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ពិសេសត្រូវចេះអភិវឌ្ឍន៍ខ្លួនឱ្យមានទាំងចរិយាសម្បត្តិ និងវិជ្ជាសម្បត្តិ ដោយផ្តើមចេញពីការសិក្សាស្វែងយល់ពីខ្លួនឯង (ចំណេះ ជំនាញ ឥរិយាបថរបស់ខ្លួន) ស្គាល់ពីអ្នកដទៃ (សង្គម និងអ្នកជុំវិញខ្លួន) ដើម្បីបង្កើតទំនាក់ទំនងល្អនៅក្នុងសង្គមការងារ និងសង្គមទូទៅ ដើម្បីឱ្យក្លាយជាមេដឹកនាំល្អ និងជាបុគ្គលគំរូម្នាក់នៅក្នុងសង្គមគ្រួសារ ការងារ និងសង្គមជាតិ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ទទ្ទឹមនឹងមានចរិយាសម្បត្តិ វិជ្ជាសម្បត្តិ និងទំនាក់ទំនង់ល្អហើយនោះ មន្ត្រីទាំងអស់ត្រូវមានគំនិតចេះចែករំលែកនៅក្នុងសង្គម (ចែករំលែកចំណេះដឹង បទពិសោធន៍ការងារ សេចក្តីសុខ សេចក្តីថ្លៃថ្នូរជាដើម..) ព្រោះសង្គមមួយចែកចេញជាពីរគ្រួសារ គឺគ្រួសារតូច (គ្រួសារយើងម្នាក់ៗ) និងគ្រួសារធំ (សហគមន៍ ភូមិឃុំ ស្រុក ខេត្ត និងប្រទេស) បានន័យថា បើគ្រួសារតូចនីមួយៗពោពេញដោយមនុស្សកតញ្ញូ មានសីលធម៌ គុណធម៌ ព្រហ្មវិហារធម៌ នោះគ្រួសារធំ ឬសង្គមយើងក៏ល្អទៅតាមនោះដែរ ៕

ដោយ ៖ សិលា សារិន

ads banner