លោក ងិន សុខបញ្ញា ៖ ទ្រីយ៉ាត្លុងកម្ពុជារំពឹងការពារបានមេដាយមាស ១ ក្នុងការប្រកួតកីឡាស៊ីហ្គេម នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានបង្ហាញក្តីរំពឹងថា ប្រភេទកីឡាទ្រីយ៉ាត្លុងកម្ពុជាដែលកំពុងដំណើរបោះជំរំហ្វឹកហាត់បំប៉នបចេ្ចកទេស ក្នុងខែមេសានេះនឹងអាចការពារមេដាយមាស១វិញ្ញាសាបាន ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ បន្ទាប់ពីប្រភេទកីឡាអូឡាំពិកមួយនេះដណ្តើមបានសមិទ្ធផលធំធេងជាប្រវត្តិសាស្ត្រនូវមេដាយមាស ២គ្រឿង និងសំរឹទ្ធ ១គ្រឿង ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣ កន្លងទៅ ។

អគ្គលេខាធិការរូបនេះបន្ថែមថា ការប្រមូលផ្តុំហ្វឹកហាត់របស់ប្រភេទកីឡាទ្រីយ៉ាត្លុង នៅក្នុងចំណោមប្រភេទកីឡាផ្សេងទៀតរបស់កម្ពុជា គឺក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ក្រុមជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជា ដែលប្រមូលផ្តុំហ្វឹកហាត់ត្រៀមនេះ មានចំនួន ១០នាក់ ក្នុងនោះគ្រូបង្វឹកម្នាក់ គ្រូជំនួយម្នាក់ កីឡាការិនី៣នាក់ និងកីឡាករ ៥នាក់ ។

ចំពោះបេក្ខភាពម្ចាស់មេដាយមាស២គ្រឿងលើវិញ្ញាសាទ្រីយ៉ាត្លុងស៊ីហ្គេម ឆ្នាំ២០២៣ គឺកីឡាការិនី ម៉ាហ្គតមរតក ហ្គារ៉ាប៊ីធៀន និងម្ចាស់មេដាយប្រាក់វិញ្ញាសាឌូយ៉ាត្លុង ស៊ីហ្គេម ឆ្នាំ២០២៣ កីឡាករ សុខា ម៉ៃគែល ចូម៉ុន នឹងត្រូវចូលរួមប្រកួតក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ដែរ។

លោកអគ្គលេខាធិការគូសបញ្ជាក់ថា កីឡាករ កីឡាការិនីដែលជាម្ចាស់មេដាយមាស និងមេដាយប្រាក់ស៊ីហ្គេម ២០២៣នៅកម្ពុជាទាំងពីររូបកំពុងបន្តការហ្វឹកហាត់នៅប្រទេសបារាំង ហើយនៅពេលជិតដល់ស៊ីហ្គេម ២០២៥ នៅថៃ ពួកគាត់នឹងហោះពីប្រទេសបារាំងមកកម្ពុជា ដើម្បីបន្តការហ្វឹកហាត់បន្ស៊ាំខ្លួនមួយរយៈ ទើបរួមដំណើរជាមួយប្រភិតូកម្ពុជាចេញទៅចូលរួមប្រកួតតែម្តង ។

ជាការកត់សម្គាល់ លោក ងិន សុខបញ្ញា សង្កត់ធ្ងន់ថា កាលពីស៊ីហ្គេម ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងនោះ គឺយើងបានរៀបចំវិញ្ញាសាឯកត្តជន ប៉ុន្តែនៅក្នុងស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ គេរៀបចំការប្រកួតលើវិញ្ញាសាជាក្រុមទាំងអស់ ដោយមិនមានវិញ្ញាសាឯកត្តជននោះទេ។ ដូច្នេះហើយ ត្រង់ចំណុចនេះលោកពន្យល់ថា កម្ពុជាអាចនឹងបាត់បង់មេដាយ ដោយមិនអាចការពារមេដាយមាស២ និងមេដាយប្រាក់១គ្រឿងនោះទេ ដោយយើងសង្ឃឹមថា អាចរក្សាបានត្រឹមមេដាយមាស១វិញ្ញាសាលើវិញ្ញាសាទ្រីយ៉ាត្លុងនារី។

អគ្គលេខាធិការដដែលលើកឡើងថា តាមរយៈការស្នើសុំការបោះជំរំហ្វឹកហាត់របស់ប្រភេទកីឡាទ្រីយ៉ាត្លុងនេះទៅឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គឺសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានជ្រើសរើសសមាសភាពគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ដែលមានសក្តានុពល គុណផលកីឡាខ្ពស់ សីលធម៌ល្អ ដោយតម្លាភាព សុចរិតភាព ភាពទទួលខុសត្រូវខ្ពស់ និងអនុលោមភាពតាមលក្ខខណ្ឌរបស់ក្រសួងអប់រំ យុវជន និងកីឡា។

គួរបញ្ជាក់ថា ក្រុមទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជាចំនួន១០រូប ដែលហ្វឹកហាត់ឆ្នាំ២០២៥ រួមមាន៖ គ្រូបង្វឹក លោក ហ្គូហ្គោ ហ្សាចារី ថូម៉ាស ពែលលេធា គ្រូជំនួយ លោក នាង ពេជ្រពិសិដ្ឋ កីឡាករ៥រូប គឺអ៊ូង លីម៉េង, គិត វិសាល, ចន សប្បុរស, សារឿន សុភារ៉េន និងកីឡាករ សុខា ម៉ៃគែល ចូម៉ុន (ហ្វឹកហាត់នៅប្រទេសបារាំង) ខណៈកីឡាការិនី៣រូប មានដូចជា ផល ស្រីភួង, រុំ ស្រីឡែន និងម៉ាហ្គតមរតក ហ្គារ៉ាប៊ីធៀន (ហ្វឹកហាត់នៅប្រទេសបារាំង)៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner