ឃីកបុកស៊ីងកម្ពុជាឈ្នះមេដាយ៧គ្រឿងពីការប្រកួតកីឡាឃីកបុកជ្រើសរើសជើងឯកពិភពលោក
(ភ្នំពេញ)៖ បេសកម្មប្រជែងមេដាយរបស់អត្តពលិកកីឡាឃីកបុកស៊ីងកម្ពុជា ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកពិភពលោក (Kickboxing World Cup) លើកទី១ នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី៧-១២ ខែមេសា ដែលមាន ៥២ចូលរួម បានបញ្ចប់ហើយ ដោយអត្តពលិកកម្ពុជាដណ្តើមបានមេដាយសរុប ៧គ្រឿង ក្នុងនោះមេដាយមាស ២គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរិទ្ធ២ ។
នេះបើយោងតាមការបញ្ជាក់ ប្រាប់ពីឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ពីប្រទេសថៃ តាមប្រព័ន្ធតេលេក្រាម នាយប់ថ្ងៃទី១១ ខែ មេសា ឆ្នាំ២០២៥ ។
ឯកឧត្តម ប្រធានសហព័ន្ធ បានគូសបញ្ជាក់ថា នេះគឺជាជោគជ័យមួយក្នុងឆ្នាំ២០២៥ សម្រាប់កម្ពុជា បន្ទាប់ពីកីឡាករកីឡាការិនីឃីកបុកស៊ីងកម្ពុជាបានខិតខំហ្វឹកហាត់ដុះខាតសមត្ថភាពជាច្រើនខែកន្លងមក។តែទោះជាបែបនេះក្តី សម្រាប់បេសកម្មចូលរួមប្រជែងមេដាយនៅស៊ីហ្គេម លើកទី៣៣ នៅន្រទេសថៃ សហព័ន្ធនឹងសម្រួចការហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីស្វែងរកមេដាយឱ្យបានច្រើនបន្ថែមទៀតជូនកម្ពុជា។
សូមបញ្ជាក់ថា បេសកម្មចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាឃីកបុកជ្រើសរើសជើងឯកពិភពលោក(Kickboxing World Cup) លើកទី១ នៅទីក្រុងបាងកក ប្រទេសថៃនេះ មានអត្តពលិកជាង ១ពាន់នាក់ មកពី ៥២ប្រទេសជុំវិញពិភពលោកចូលរួម ខណៈដែលកម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី១៣រូបចូលរួម ដោយទទួលបានការអនុញ្ញាត និងគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា និងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕
ដោយ ៖ ជាវ ចន្ធូ









