ក្រុងស្ទឹងសែន រៀបចំសម្អាតអនាម័យអបអរបុណ្យចូលឆ្នាំថ្មីជាតិ
(ខេត្តកំពង់ធំ)៖ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ រដ្ឋបាលខេត្តកំពង់ធំ បានចូលរួមអនុវត្តន៍យុទ្ធនាការសម្អាតអនាម័យបរិស្ថាននៅទីកន្លែងសំខាន់ៗក្នុងក្រុងស្ទឹងសែន ដូចជា សួនស្ទឹងសែន ផ្លូវ ស្ពាន និងតំបន់សាធារណៈ ចំនួន២៨កន្លែង ដើម្បីបង្កើតបរិយាកាសស្អាត ស្រស់បំព្រង ត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្នុងព្រឹត្តិការណ៍នេះ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ មានការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការ កងកម្លាំងសន្តិសុខសាធារណៈ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងតំបន់។
ឯកឧត្តម ញ៉ឹក បានខេង អភិបាលខេត្តកំពង់ធំ បានអះអាងថា ការរៀបចំសង្ក្រាន្តកំពង់ធ្មំឆ្នាំនេះ នឹងមានភាពល្អប្រណិតជាពិសេស ដោយមានការតុបតែងផ្លូវ ផ្ទះសម្បែង និងសួនច្បារ ឲ្យកាន់តែស្រស់ស្អាត មានសោភ័ណភាព ។
ឯកឧត្តមបានបន្ថែមថា ការសម្អាតអនាម័យបរិស្ថានមិនត្រឹមតែជារឿងស្អាតសប្បាយភ្នែកនោះទេ ប៉ុន្តែជាកត្តាសំខាន់ក្នុងការលើកកម្ពស់សុខភាព សុវត្ថិភាព និងបណ្ដុះបណ្ដាលអំពីវប្បធម៌អនាម័យដល់សាធារណជន។ ក្រុងស្ទឹងសែននឹងក្លាយជាទីក្រុងដែលមានបរិយាកាសស្រស់បំព្រង និងជាទីទេសចរណ៍គួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងរដូវបុណ្យនេះ។
“បរិស្ថានស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា” គឺជាសារសំខាន់ដែលរដ្ឋបាលខេត្តផ្ញើសារ ឲ្យបងប្អូនប្រជាពលរដ្ឋមានការចូលរួមសកម្មក្នុងការថែរក្សាបរិស្ថានទាំងនៅផ្ទះ និងនៅកន្លែងសាធារណៈ ដោយសំអាត និងគ្រប់គ្រងសំរាមអោយបានត្រឹមត្រូវ ៕
ដោយ ៖ ប៊ុនរដ្ឋា















