សម្តេចធិបតី នាយករដ្ឋមន្ដ្រី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម
(ត្បូងឃ្មុំ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ តភ្ជាប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទៅស្រុកចំការលើ ខេត្តកំពង់ចាម ដោយចំណាយថវិកាសាងសង់អស់ប្រមាណ ១៣៣លានដុល្លារអាម៉េរិក ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅខេត្តត្បូងឃ្មុំ ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា “គម្រោងសាងសង់ផ្លូវជាតិលេខ៧១សេ បានប្រកាសបើកការដ្ឋានរួមគ្នានៅក្នុងឱកាសនៃពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា”។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា “ខ្សែផ្លូវនេះ មានប្រវែងសរុបជិត ១១៥ គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ១៥៤+៧០០ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅ ចំណុចប្រសព្វផ្លូវជាតិលេខ៧១ ត្រង់គីឡូម៉ែត្រលេខ៣០+៤០០ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម”។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា ” គម្រោងនេះត្រូវបានសាងសង់ឡើងស្របតាមបច្ចេកទេស រួមមាន៖ ផ្លូវមេ មានប្រវែង ៩២,៤៤៦គីឡូម៉ែត្រ ទទឹងផ្លូវនៅក្រៅទីប្រជុំជន ប្រវែង ១១ម៉ែត្រ និងនៅក្នុងទីប្រជុំជន ប្រវែង ៩ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ៧សង់ទីម៉ែត្រ, ផ្លូវតភ្ជាប់ មានប្រវែង ១៥,៨២១ គីឡូម៉ែត្រ ទទឹងផ្លូវ ប្រវែង ១០ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ៧សង់ទីម៉ែត្រ, ផ្លូវខ្នែងមានចំនួន ៩ខ្សែ ប្រវែង ៦,៧២៥ គីឡូម៉ែត្រ ទទឹងតួផ្លូវ ប្រវែង ៧ម៉ែត្រ ក្រាលកៅស៊ូពីរប្រទាប់ DBST, ស្ពានធំៗ មានចំនួន ៣កន្លែង ប្រវែងសរុប ៦៣៥ម៉ែត្រ, ស្ពានមធ្យម មានចំនួន ៨កន្លែង ប្រវែង សរុប ២៣៧ម៉ែត្រ ដាក់លូគ្រប់ប្រភេទ ចំនួន ១៩៩កន្លែង និងមានកន្លែងសម្រាប់រថយន្តបត់ត្រឡប់ (U-Turn) រួមជាមួយនឹងការងារគូសគំនូសចរាចរណ៍ បំពាក់ផ្លាកសញ្ញាចរាចរណ៍ រនាំងសុវត្ថិភាព និងដាំបង្គោលគីឡូម៉ែត្រ ស្របតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់”។
គម្រោងនេះបានប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាង ចូវវ៉ានអាន ដែលបានចំណាយថវិកាសាងសង់សរុបប្រមាណ ១៣៣លានដុល្លារអាម៉េរិក ជា ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ មួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
ផ្លូវនេះបាននិងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនងសកម្មភាព ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្ត ត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា។ ជាងនេះទៀត ផ្លូវនេះ និងស្ពានមិត្តភាពកម្ពុជា-ចិន ដែលបានសាងសង់រួច ពិតជាបានតភ្ជាប់នូវក្តីសង្ឃឹមសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅកុះករក្នុងតំបន់នេះ ជាពិសេស ភាពសុខដុមនីយកម្មខាងជំនឿសាសនា រវាងអ្នកកាន់សាសនាព្រះពុទ្ធ និងសហគមន៍សាសនិក ឥស្លាមកម្ពុជាឱ្យកាន់តែមានភាពជិតស្និទ្ធ និងរឹងមាំថែមទៀត តាមរយៈការប្រាស្រ័យ និងទំនាក់ទំនង ពាណិជ្ជកម្មរួមគ្នាទៅវិញទៅមក។ គម្រោងផ្លូវជាតិលេខ៧១សេ ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម មានប្រវែងសរុបជិត ១១៥គីឡូម៉ែត្រចំណាយថវិកាប្រមាណ ១៣០លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
















