សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានប្រារព្ធធ្វើនៅក្រោមបរិយាសនៃសុខសន្តិភាព
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានប្រារព្ធធ្វើនៅក្រោមបរិយាសនៃសុខសន្តិភាព ដែលប្រមូលផ្តុំយុវជន និងសាធារណជនគ្រប់មជ្ឈដ្ឋានរួមគ្នាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថែរក្សា អភិវឌ្ឍវប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ក៏ដូចជាផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាពីភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនារបស់កម្ពុជា។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៥ នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។
សម្តេចធិបតី បានបន្តថា ទន្ទឹមនឹងការរៀបចំសង្រ្កាន្តនៅលើទឹកដីអង្គរ, សង្រ្កាន្តនៅគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសបាននិងកំពុងរៀបចំដូចគ្នា ដែលបានឆ្លុះបញ្ចាំងពីសុខដុមរមនា ក្នុងចំណោមប្រជាជនទូទាំងប្រទេស ក្នុងស្មារតីគ្រួសារខ្មែរតែមួយ។
សូមជម្រាបថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ត្រាន្តក្នុងឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំឡើង ដើម្បីបង្កភាពសប្បាយរីករាយជាមួយនឹងទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ដែលដូនតាបានបន្សល់ទុក ប្រកបដោយភាពលិចធ្លោ និងពោរពេញដោយអរិយធម៌ និងស្នាមញញឹមនៃភាពកក់ក្ដៅរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងស្ថានភាពរីកចម្រើនប្រកបដោយសុខសន្ដិភាព និងសម្បត្ដិវប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរ និងធ្វើឱ្យមានការគោរពស្រឡាញ់ និងទស្សនាមិនចេះជិនណាយ គឺជាមោទនភាពរបស់កម្ពុជា ពិសេសគឺការផ្សព្វផ្សាយឱ្យភ្ញៀវទេសជាតិជាតិ និងអន្តរជាតិ នាំគ្នាទៅកម្សាន្តនៅខេត្តសៀមរាបក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតែម្តង៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត










