Putinសន្យាធ្វើគ្រប់យ៉ាងដើម្បីសេរីភាពចំណាប់ខ្មាំងនៅហ្គាហ្សា
បរទេស ៖ ប្រធានាធិបតី ប្រទេសរុស្ស៊ី លោក ពូទីន បានអះអាង នៅចំពោះមុខចំណាប់ខ្មាំងម្នាក់ ដែលត្រូវបានដោះលែងថា លោកប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាង ដើម្បីឲ្យចំណាប់ខ្មាំងទាំងអស់នៅតំបន់ហ្គាហ្សា ត្រូវបានដោះលែង។
លោក ពូទីន បានអះអាងប្រាប់បែបនេះ ក្នុងពេលជួបអតីតចំណាប់ខ្លាំងជនជាតិរុស្ស៊ីកាត់អ៊ីស្រាអែល លោក Alexander Troufanov និងក្រុមគ្រួសារ នៅក្រុងមូស្គូ អំឡុងជំនួប កាលពីថ្ងៃពុធ។
លោក ពូទីន និយាយថា «វាចាំបាច់ដើម្បីបង្ហាញពាក្យថ្លែងអំណរគុណ ចំពោះភាពជាអ្នកដឹកនាំនយោបាយរបស់ក្រុមហាម៉ាស» ហើយលោកបានបន្ថែមថា ការរំដោះចំណាប់ខ្មាំង អាចធ្វើទៅបាន ដោយសារតែប្រទេសរុស្ស៊ី មានទំនាក់ទំនងយូរអង្វែង ជាមួយប្រជាជនប៉ាឡេស្ទីន ។
បើតាម RT បានចុះផ្សាយថា លោក Alexander បានស្នើឱ្យលោក Putin បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធ្វើជាឈ្មួញកណ្តាល ដោះលែងជនជាតិអ៊ីស្រាអែល ដែលនៅតែឃុំខ្លួន នៅក្នុងតំបន់ ហ្គាហ្សា។
លោក បាននិយាយថា «ខ្ញុំដឹងថា អ្នកបានធ្វើជាច្រើន ដើម្បីឱ្យពួកគេផងដែរ មានសេរីភាព និងសប្បាយរីករាយដូចខ្ញុំនៅថ្ងៃនេះ ដែលអង្គុយជាមួយគ្រួសាររបស់ខ្ញុំ។ នោះមានន័យថា ខ្ញុំពិតជាអស្ចារ្យណាស់»។ លោកពូទីន បានឆ្លើយថា «ពិតណាស់យើងនឹងធ្វើ»។
យោងតាម AP ចំណាប់ខ្មាំង យ៉ាងហោចណាស់ ៥៩នាក់នៅតែស្ថិតក្នុងតំបន់ហ្គាហ្សា ទោះបីជាមន្ត្រីអ៊ីស្រាអែលជឿថា តិចជាងពាក់កណ្តាល នៃពួកគេ នៅមានជីវិតរស់ក៏ដោយ៕
ប្រភព AFP ប្រែសម្រួល ៖ សារ៉ាត


