ត្រីមាសទី១ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា ចិន សម្រេចបានជាង៤ពាន់លានដុល្លារ

ភ្នំពេញ៖ ត្រីមាសទី១ ឆ្នាំ២០២៥ នេះទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា ចិន សម្រេចបានក្នុងទំហំទឹកប្រាក់​ជាង៤ពាន់លាន​ដុល្លារ ពោលកើនឡើងជាង២៦% បើធៀបនឹង​ឆ្នាំ២០២៤។ ក្នុងត្រីមាសទី១ដដែល កម្ពុជា ទទួលបានគម្រោងវិនិយោគ​ចំនួន១៧២ ជាមួយទុនវិនិយោគប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ដែលភាគច្រើនជាការវិនិយោគរបស់ចិន។

តាមទិន្នន័យ​របស់​​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ឱ្យ​ដឹង​ថា ក្នុងត្រីមាស​ទី​១ ឆ្នាំ​២០២៥ ​ការ​នាំ​ចូល នាំ​ចេញ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​​ចិន មាន​ទឹក​ប្រាក់​សរុប ៤ ០៦៨,៦ លាន​ដុល្លារ កើន​ឡើង ២៦,៧ ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៤ ដែល​មាន​ចំនួន ៣ ២១០,២៣ ​លាន​ដុល្លារ​។

ចំនួន​ទឹក​ប្រាក់​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-ចិន ​បាន​គ្របដណ្តប់​​ជិត៣០​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​កម្ពុជា​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ​២០២៥ ដែលមាន​ទឹក​ប្រាក់ ១៤ ៤៤៩,១៦លាន​ដុល្លារ​។​​ក្នុង​ចំនួន​នេះ គឺ​ទំនិញ​​​​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន​ ៣៤៨,១៩ ​លាន​ដុល្លារ ថយចុះ ៤,៩ ភាគរយ ចំណែកទំនិញ​ចិន​នាំ​ចូល​ ៣ ៧២០,៤១ ​លាន​ដុល្លារ កើន ៣០,៨ ភាគរយ។​

នៅថ្ងៃទី១៧ ខែមេសា នេះឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន​ចាប់ផ្តើមបំពេញទស្សនកិច្ច​ផ្លូវរដ្ឋ​នៅកម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ទី១៨ ខែមេសា ។តាមរយៈនៃដំណើរទស្សនកិច្ចនេះ រំពឹងទំហំ
ពាណិជ្ជកម្ម កម្ពុជា ចិន នឹងបានជំរុញ និងពង្រីកបន្ថែមទៀត៕


ដោយ៖វណ្ណ លុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner