លោក Trump ចង់បិទស្ថានទូត និងកុងស៊ុលក្រៅប្រទេស ជិត ៣០ទីតាំង

បរទេស៖ រដ្ឋបាលរបស់លោក Trump គ្រោងនឹងបិទទ្វារស្ថានទូតអាមេរិក និង ស្ថានកុងស៊ុលក្រៅប្រទេស ជិត៣០ទីតាំង ខណៈដែលខ្លួនកំពុងផ្លាស់ប្តូរគោលនយោបាយ តាមរយៈការកាត់បន្ថយវត្តមានអ្នកកាទូតនៅបរទេស នេះបើយោងតាមឯកសារផ្ទៃក្នុង របស់ក្រសួងការបរទេសអាមេរិក ចុះផ្សាយដោយទីភ្នាក់សារព័ត៌មាន CNN ថ្មីៗនេះ។

ផែនការនេះ ត្រូវបានស្នើឡើង ចំពេលដែល នាយកដ្ឋានជំរុញប្រសិទ្ធិភាពរដ្ឋាភិបាល ដឹកនាំដោយលោកមហាសេដ្ឋី Elon Musk ជំរុញឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កាត់បន្ថយចំណាយ និង មន្ត្រីសហព័ន្ធដ៏លើសលុប រួមមានទាំង មន្ត្រីរបស់ទីភ្នាក់ងារការទូត នៅបរទេស ផងដែរ។

ស្ថានទូតចំនួន១០ និងស្ថានកុងស៊ុលចំនួន១៧ ដែលគ្រោងនឹងបិទទ្វា ភាគច្រើន គឺមានវត្តមាននៅទ្វីបអឺរ៉ុប និងអាហ្រ្វិក ហើយ ក៏មាននៅអាស៊ី ព្រមទាំង តំបន់ការាបៀនផងដែរ។ ក្រៅពីនេះ ក៏រួមបញ្ចូលទាំងស្ថានកុងស៊ុល ចំនួន៥ នៅប្រទេសបារាំង,អាឡឺម៉ង់, អង់គ្លេស និងនៅកូរ៉េខាងត្បូង ទៀតផង។

យ៉ាងណាមិញ សំណើបិទស្ថានទូត និងស្ថានកុងស៊ុលទាំងនេះ ត្រូវឆ្លងកាត់ការឯកភាព និងចុះហត្ថលេខា ពីសំណាក់រដ្ឋមន្ត្រីការទេសអាមេរិក លោក Marco Rubio ជាមុនសិន។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce មិនធ្វើអត្ថាធិប្បាយ លើឯកសារផ្ទៃក្នុង ឬ ផែនការកាត់បន្ថយយ៉ាងធំធេង នៅក្នុងក្របខណ្ឌក្រសួងការបរទេស នោះទេ។ ប៉ុន្តែ លោកស្រី គ្រាន់តែបញ្ជាក់ថា អាចនឹងមានការសិក្សាបន្ថែម ជាមួយសេតវិមាន និង ពិគ្រោះយោបល់ជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិក មុនពេលដែលផែនការថវិកា និងផែនការកាត់បន្ថយមន្ត្រី ត្រូវបានដាក់ជូនទៅសភា ដើម្បីធ្វើការអនុម័ត។

ស្ថានទូត និងស្ថានកុងស៊ុល តែងតែបម្រើជាកន្លែងដ៏សំខាន់ សម្រាប់ក្រសួងការបរទេស តាមរយៈការផ្តល់សេវាកម្ម ដូចជា ដំណើរការទិដ្ឋាការ និង ប្រមូលព័ត៌មានសំខាន់ៗ ជាដើម។ យ៉ាងណាមិញ ជាទូទៅ ស្ថានកុងស៊ុលអាមេរិក ភាគច្រើន មិនមានកម្លាំងពលកម្ម ច្រើននោះទេ នេះបើតាម CNN ដដែល៕

ប្រភព៖ CNN, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner