កម្ពុជា ចិន អះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក
(ភ្នំពេញ)៖ កម្ពុជា និងចិន បានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក ដោយភាគីកម្ពុជានបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះគោលនយោបាយ ចិនមួយ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥ ។
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចំពោះកិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់យ៉ាងខ្លាំង នៃការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ក្នុងការថែរក្សាទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែង និងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ។ ភាគីទាំងពីរបានបង្ហាញពីបំណងរួមក្នុងការលើកកំពស់ការផ្លាស់ប្ដូរ ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការគ្រប់ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ រួមទាំងរវាងក្រសួង ការបរទេស និងក្រសួងការពារជាតិផងដែរ ។
ភាគីទាំងពីរបានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលបច្ចុប្បន្ន ក្នុងការជំរុញទំនាក់ទំនងយ៉ាងស្អិតរមួត និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។
ភាគីទាំងពីរបានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នា ទៅវិញទៅមក។ ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ កម្ពុជា ប្រឆាំងចំពោះ ការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយចាត់ទុកថា បញ្ហាស៊ីនជាំង ស៊ីចាង ហុងកុង និងតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ។
ភាគីចិន បានអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយ ឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងការពារអធិបតេយ្យភាពជាតិ ឯករាជ្យ ភាព និងបូរណភាពទឹកដី និងគាំទ្រកម្ពុជាដើរតួនាទីសកម្ម និងកាន់តែសំខាន់ក្នុងកិច្ចការតំបន់ និង អន្តរជាតិ។ ភាគីទាំងពីរប្តេជ្ញាមិនអនុញ្ញាតឱ្យមានសកម្មភាពអរិភាពណាមួយកើតឡើងលើទឹកដី នៃប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ ៕
ដោយ ៖ វណ្ណលុក







