ឯកឧត្តម ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាម​នយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ភ្នំពេញ៖ពិធីបុណ្យចូលឆ្នាំថ្មីរយៈពេលបីថ្ងៃដែលទើបតែកន្លងទៅនេះមាន​សភាព​អធិកអធមយ៉ាងក្រៃលែង។ ភ្ញៀវទេសចរ​ជាតិនិងបរទេសចំនួនជិត ២៤ លាននាក់ បានចូលរួមកម្សាន្តសប្បាយដោយទឹកចិត្តសោមនស្សរីករាយ​ឥត​ឧបមា។ តួលេខ​នេះបង្ហាញថា ប្រជាពលរដ្ឋខ្មែរម្នាក់អាចដើរកម្សាន្ត​លើស​ពីរមួយដង។ នេះគឺជាផ្លែផ្កានៃសុខសន្តិភាព ក្រោមការដឹកនាំ​របស់​​រាជរដ្ឋាភិបាល​នៃគណបក្សប្រជាជនកម្ពុជា។ បើគ្មានសុខសន្តិភាព គ្មានហេដ្ឋារចនាសម្ព័ន្ធល្អ គ្មានការកើនឡើងនៃ​ជីវភាព​រស់នៅ និងគ្មានការបង្កលក្ខណៈងាយស្រួល​ពីសំណាក់អាជ្ញាធររាជរដ្ឋាភិបាលទេ ប្រជាពលរដ្ឋខ្មែរគ្មានឱកាស​កម្សាន្តសប្បាយ​បែបនេះឡើយ។

គួរកត់សម្គាល់ថា ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនប្រជាពលរដ្ឋដែលចូលរួមកម្សាន្ត​សប្បាយនិងបញ្ចេញស្នាមញញឹមប្រកប​ដោយ​ភាពកក់ក្តៅនៅក្នុងពិធី​បុណ្យធំៗបានកើនឡើងជាលំដាប់។ នេះគឺជាទឡ្ហីករណ៍ដែលបង្ហាញថា ប្រជាពលរដ្ឋ​ខ្មែរទទួលបាន​ផលពីការដឹកនាំប្រទេសកាន់តែច្រើន​ឡើងៗ​ជាលំដាប់។ គ្មានទេ ការសប្បាយបែបនេះ នៅក្នុងប្រទេស​ដែលញាំញីដោយ​ភ្លើងសង្គ្រាម ដែលពលរដ្ឋអត់បាយក្រហាយទឹកនិងគ្មាន​ជំនឿចិត្តលើ​ការ​ដឹកនាំរបស់រដ្ឋាភិបាល។ ស្នាមញញឹមប្រកប​ដោយក្តី​សង្ឃឹម​របស់ប្រជាពលរដ្ឋ​ខ្មែរដែលបាននិងកំពុងកើតឡើងនាពេលនេះ គឺជាផ្លែផ្កានៃសុខ​សន្តិភាព​ដែលកើតចេញ​ពីគោលនយោបាយដឹកនាំប្រទេសដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

ផ្ទុយស្រឡះពីនេះ ក្រុមជ្រុលនិយមឯណោះវិញ តែងតែបង្កការភ័យខ្លាចដល់​ប្រជាពលរដ្ឋជានិច្ចតាមរយៈការបញ្ចេញ​សារនយោបាយលាបពណ៌ ញុះញង់ បំបែកបំបាក់ខ្មែរ បង្កអរិភាពជាមួយប្រទេសជិតខាង និងជាមួយមហា​អំណាចក្នុង​តំបន់ជាដើមដែលសុទ្ធសឹងជានយោបាយបង្កជម្លោះដ៏គ្រោះថ្នាក់។ គោលបំណង​របស់ពួកគេ គឺធ្វើឱ្យមានភាពវឹកវរ ជ្រួល​ច្របល់ និងអស្ថិរភាពសង្គមដើម្បីឆ្លៀត​ឱកាសផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈចលនាបដិវត្តន៍ពណ៌ខុសច្បាប់ ទាញប្រទេស​ឱ្យក្រឡាប់ធ្លាក់ចូលទៅក្នុងអតីតកាលដ៏ខ្មៅងងឹត។ សកម្មភាព​បែបនេះ គឺដើម្បីបម្រើមហិច្ឆតា​នយោបាយ​ដ៏ខ្មៅកខ្វក់របស់​ខ្លួនតែម្យ៉ាងគត់​ដោយមិនខ្វាយខ្វល់ពីជោគវាសនាប្រទេសជាតិនិងប្រជាពលរដ្ឋឡើយ។

សកម្មភាពផ្ទុយគ្នាទាំងស្រុងរវាងរាជរដ្ឋាភិបាលនិងក្រុមជ្រុលនិយម បានធ្វើឱ្យ​ប្រជាពលរដ្ឋខ្មែរអាចបែងចែកយ៉ាង​ច្បាស់​ដាច់​ស្រឡះពីគ្នារវាងមេដឹកនាំ​ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានសុខសប្បាយ និងក្រុមនយោបាយ​ដែល​បង្កការ​ភ័យខ្លាចជាប្រចាំ។នេះគឺជាជំនួយស្មារតីយ៉ាងល្អសម្រាប់​ប្រជាពលរដ្ឋ​ខ្មែរក្នុងការជ្រើសរើសមេដឹកនាំតាមរយៈការ​បោះឆ្នោត៥ឆ្នាំម្តង។ ការជ្រើសរើស​មេដឹកនាំល្អបង្កឱ្យមានការរីកចម្រើននិងស្នាមញញឹម។ ផ្ទុយទៅវិញ ការសម្រេច​ចិត្តខុសនាំឱ្យប្រទេសធ្លាក់ចុះទៅរកក្តីវិនាសអន្តរាយដូចអតីតកាលវិញជាមិនខាន។

គណបក្សប្រជាជនកម្ពុជាដែលទទួលបានការគាំទ្រឱ្យដឹកនាំប្រទេសជារៀងរហូតមក គឺជាសក្ខីភាពបញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរចេះបែងចែកយ៉ាងច្បាស់រវាង​អាក្រក់និងល្អ សនិងខ្មៅ ហើយពួកគេចង់បានស្នាមញញឹម និងការជួបជុំ​សប្បាយរីករាយ​ក្រោមម្លប់សុខសន្តិភាព ដោយបដិសេធចោលទាំងស្រុង​ក្រុមនយោបាយដែល​ប៉ុនប៉ងនាំតែក្តីអន្តរាយដល់ប្រទេសជាតិ៕
ដោយ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner