វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ប្រារព្ធទិវាភាសាចិនអន្តរជាតិ របស់ អង្គការសហប្រជាជាតិ ឆ្នាំ២០២៥

(បាត់ដំបង)៖ ភាសា គឺជាគន្លឹះ ដើម្បីបើកទ្វារទៅកាន់អរិយធម៌ហើយវប្បធម៌គឺជានិទាឃរដូវដ៏ស្រស់បំព្រងនេះគឺជាការលើកឡើងរបស់លោកសាស្រ្តាចារ្យ អ៊ី យ៉ុងជុង សហនាយកវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបងភាគីចិន ក្នុងឱកាសវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានប្រារព្ធទិវាភាសាចិនអន្តរជាតិរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ភាសាចិនភ្ជាប់ភ្នំ ភ្ជាប់សមុទ្រ និងការចែករំលែកវប្បធម៌”។ពិធីនេះធ្វើឡើង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជា សហនាយកវិទ្យាស្ថានខុងជឺ នៃ សាកលវិទ្យាល័យជាតិបាត់ដំបង និងលោកស្រ្តាចារ្យ អ៊ី យ៉ុងជុង សហនាយកវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង នៃភាគីចិន ។

ថ្លែងក្នុងពិធីនេះ លោកសាស្រ្តាចារ្យ អ៊ី យ៉ុងជុង សហនាយកវិទ្យាស្ថានខុងជឺ នៃភាគីចិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, មជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិន នៃ ក្រសួងអប់រំ, សាកលវិទ្យាល័យជាតិបាត់ដំបង, សាកលទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិក គួយលីន និងដៃគូទាំងអស់ដែលបានគាំទ្រ នូវ ព្រឹត្តិការណ៍នេះ ។

លោកសាស្រ្តាចារ្យ អ៊ី យ៉ុងជុង បានគូសបញ្ជាក់ និងក្នុងនាមជាអ្នកផ្សព្វផ្សាយការអប់រំជនជាតិចិន និងជាអ្នកអនុវត្តការប្រាស្រ័យទាក់ទងវប្បធម៌ វិទ្យាស្ថានខុងជឺ នៃ សាកលវិទ្យាល័យជាតិបាត់ដំបង តែងតែប្រកាន់និងផ្សារខ្ជាប់ នូវគោលគំនិត នៃ “ការប្រាស្រ័យទាក់ទងគ្នា ជាភាសា ការផ្លាស់ប្តូរវប្បធម៌ និងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន”។លោកបានបន្តថា៖យើងជឿជាក់ថា “ព្រឹត្តិការណ៍ថ្ងៃនេះ” នឹងធ្វើឱ្យវប្បធម៌”ចិន-កម្ពុជា” និងកាន់តែបង្កើត នូវពន្លឺថ្មីនៅក្នុងការផ្លាស់ប្តូរ ផងដែរ…។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិបាត់ដំបង តំណាងឯកឧត្តម សុខ ឃន សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិបាត់ដំបង(NUBB) និងជាសហនាយកវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានគូសបញ្ជាក់ថា ៖ ទិវាអន្តរជាតិភាសាចិនត្រូវបានបង្កើតឡើងដោយនាយកដ្ឋានព័ត៌មានសាធារណៈរបស់អង្គការសហប្រជាជាតិ និងបានប្រារព្ធទិវានេះរៀងរា
ល់ឆ្នាំ នៅថ្ងៃទី២០ខែមេសា និងដើម្បីជាការគោរពដឹងគុណ ដល់តួអង្គ នៅក្នុងរឿងព្រេងបុរាណចិនម្នាក់ ឈ្មោះឆាងជា “Cangjie” ដែលបង្កើតតួអក្សរចិន និងសរសេរប្រវត្តិសាស្ត្រផ្លូវការរបស់អធិរាជលឿង។

លោកបណ្ឌិត សំ រ៉ានី  បានថ្លែងបន្ថែមថា៖ “ភាសាចិន”មិនត្រឹមតែជាភាសាសម្រាប់ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែភាសានេះ បានក្លាយជាស្ពានតភ្ជាប់មេត្រីភាពរវាងសហគមន៍ចម្រុះនានា នៅជុំវិញពិភពលោក ។លោកបណ្ឌិតបានបញ្ជាក់ទៀតដា៖ “ភាសាចិន” បានក្លាយជាភាសាផ្លូវការមួយ នៅក្នុងចំណោមភាសាទាំងប្រាំមួយ នៅក្នុងក្របខណ្ឌប្រើប្រាស់ជាផ្លូវការ របស់ អង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ១៩៤៦។ក្នុងបរិបទនយោបាយអន្តរជាតិភាសាចិន ត្រូវបានប្រើផ្លូវការនៅក្នុងក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៧៤ ។

លោកបណ្ឌិតសហនាយកវិទ្យាស្ថានខុងជឺ ភាគីកម្ពុជា បានគូសបញ្ជាក់បន្ថែមថា៖ ចំណេះដឹងភាសាចិននឹងនាំឱ្យយើងយល់ដឹងពីប្រទេសចិនតាំងពីសម័យបុរាណកាល រហូតដល់ សម័យទំនើប ដែលទាក់ទងនឹងវប្បធម៌ សិល្បៈ ទស្សនវិជ្ជា នយោបាយ និងវិទ្យាសាស្រ្ត ជាដើម។
  
លោកបណ្ឌិត សំ រ៉ានី បាបសង្កត់ធ្ងន់ទៀតថា៖ ការប្រារព្ធទិវាអន្តរជាតិ “ភាសាចិន” និងការផ្លាស់ប្តូរនូវវប្បធម៌មានន័យថា ៖ យើងមិនត្រឹមតែទទួលស្គាល់សមិទ្ធផលភាសាចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ នៃការផ្លាស់ប្តូរវប្បធម៌ ពហុភាសា និងការស្វែងយល់វប្បធម៌គ្នាយ៉ាងស៊ីជម្រៅទៅវិញ ទៅមក ផងដែរ។ ដូចនេះការរៀនសូត្រ ពហុភាសា និងអន្តរវប្បធម៌ គឺ៖ប្រៀបដូចជាការចាប់ផ្ដើមបើកចំហរដួងចិត្ត និង ផ្នត់គំនិតថ្មី ដើម្បីបង្កើតចំណងមិត្តភាព និង ចាប់យកឱកាសគ្មានដែនកំណត់។

ព្រមជាមួយគ្នានេះ លោកបណ្ឌិត សំ រ៉ានី ក៏ បានថ្លែងបន្ថែមថា៖រយៈពេល៥ឆ្នាំកន្លងមកនេះវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានបណ្តុះបណ្តាលនិស្សិត និង អ្នកសិក្សាចំនួនជាង ៦ ០០០នាក់ និងបានរៀបចំនូវកម្មវិធីផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមកជាង១៦០លើកដែលបានផ្តល់ជាវេទិកានិងឱកាសសម្រាប់ក្មួយៗនិស្សិត និង អ្នកសិក្សាភាសាចិន នៅក្នុងប្រទេសកម្ពុជា បានបង្ហាញពីទេពកោសល្យសិល្បៈ និងសមត្ថភាពភាសាចិនរបស់ពួកគេ។សកម្មភាពទាំងនេះរួមមានពិធីបុណ្យប្រពៃណីជនជាតិចិន ការប្រកួតប្រជែងនូវទេព្យកោសល្យផ្សេងៗដើម្បីផ្សារភ្ជាប់ឱ្យបានស្អិតរមួតរវាងវប្បធម៌និងការអប់រំភាសាចិន នៅក្នុងភូមិភាគពាយ័ព្យ នៃ ប្រទេសកម្ពុជានិងប្រទេសចិន។ ជាពិសេសការជំរុញសកម្មភាពផ្លាស់ប្តូរវប្បធម៌ ដើម្បីរិតចំណងមិត្តភាពរវាងប្រជាជាតិយើងទាំងពីរ(កម្ពុជា-ចិន) ៕

(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)

ads banner