សម្ដេចនាយករដ្ឋមន្រ្ដី​ អរគុណគ្រប់អ្នកពាក់ព័ន្ធ ដែលបានចូលរួមធ្វើឱ្យពិធីបុណ្យចូលឆ្នាំ ដំណើរការទៅដោយសប្បាយរីករាយ និងមានសន្ដិសុខសុវត្ថិភាព

(កំពត)៖ សម្ដេចនាយករដ្ឋមន្រ្ដី​ ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមធ្វើឱ្យពិធីបុណ្យចូលឆ្នាំ ដំណើរការទៅដោយសប្បាយរីករាយ និងមានសន្ដិសុខ សុវត្ថិភាព និងស្ថិរភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិបានដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ ខណៈយុវជន ពលរដ្ឋខ្មែរ ភ្ញៀវទេសចរបរទេសបានចូលរួមលេងកំសាន្តដោយរីករាយ និងថ្លៃថ្នូរ និងមិនបានភ្លេចប្រពៃណីជាតិខ្មែរឡើយ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។

សម្តេចធិបតី បានកោតសរសើរដល់រាជធានីខេត្តនានា កងកំលាំងគ្រប់ប្រភេទ យុវជន និងអ្នកពាក់ព័ន្ធដែលបានរួមគ្នាធ្វើឲ្យពិធីបុណ្យចូលឆ្នាំថ្មី បានរៀបចំប្រកបដោយមោទនភាពជាតិ ជាពិសេសរៀបចំតុបតែងបានល្អ ថែរក្សាសុខសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឱ្យដំណើរការទៅដោយសប្បាយរីករាយ និងមានសន្ដិសុខ សុវត្ថិភាព និងស្ថិរភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិបានដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ ។

សម្ដេចធិបតី សូមអរគុណកងកម្លាំងប្រដាប់អាវុធ ទាំងនគរបាល ទាំងកងរាជអាវុធហត្ថ កងទ័ព ទាំងប្រជាការពារ បូកជាមួយយុវជនស្មគ្រចិត្តទាំងអស់ ដែលបានខិតខំរៀបចំថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានល្អ» ឆ្នាំនេះ សម្បីគ្រោះថ្នាក់ចរាចរណ៍ យើងថយជាងទៅជិត ៤០% ។

សម្ដេចធិបតី បានបន្ដថា ទោះបីមានករណីវ៉ៃគ្នា ២ឬ ៣ករណី ប៉ុន្ដែជាទូទៅ គឺស្ថិរភាព សន្ដិសុខ បានល្អណាស់។ ទាំងនេះ គឺជាជោគជ័យ នូវភាពសាមគ្គីគ្នា ស្រឡញ់គ្នា គោរពគ្នា ដើម្បីអបអរសាទរឆ្នាំថ្មីទាំងអស់គ្នា។

សម្ដេច ថា កម្ពុជា គ្មានករណីពលរដ្ឋខ្មែរវាយដំភ្ញៀវទេសរណ៍អន្តរជាតិ ដែលមកកម្សាន្តដូចប្រទេសដទៃឡើយ ។ សម្តេចធិបតី បានថ្លែងទៀតថា បើទោះបីជាចូលឆ្នាំពលរដ្ឋយើង ភ្ញៀវទេសចរណ៍បរទេសបានចូលរួមលេងទឹក លេងម្សៅក្តី តែពលរដ្ឋយើងមិនបានភ្លេចប្រពៃណីខ្មែរឡើយ ពេលព្រឹកនាំគ្នាទៅវត្តអារាម លេងល្បែងប្រជាប្រិយជាដើម ។

សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា តាមរយះការផ្សព្វផ្សាយល្អៗពីកម្ពុជានឹងធ្វើឲ្យភ្ញៀវទេសចរណ៍បរទេសនឹងមានកំណើនចាប់អារម្មណ៍មកលេងកម្ពុជា កាន់តែច្រើន

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល បានជួយសន្សំសំចែការចំណាយថវិការបស់ពលរដ្ឋចំនួន១លាន៧សែនដុល្លារ តាមរយៈការបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋទៅមកជាង ២ពាន់ជើង ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ។

សម្ដេចធិបតី មានប្រសាសន៍ថា សាលារាជធានីភ្នំពេញ បានរៀបចំឡានជិត ៦០០គ្រឿង ហើយក្នុងរយៈពេលពីថ្ងៃទី១១ ដល់ ១៧ បើគិតជាជើង ទាំងទៅ ទាំងមក សរុបជាង ២២៥១ជើង ដឹកជញ្ជូនប្រជាជន ៨៥៨៤៩នាក់ ហើយគិតជាថវិកាដែលសន្សំ ម្នាក់ ៨ម៉ឺនរៀលមួយជើង គឺសន្សំ ជាង ១លាន ៧សែនដុល្លារ ចូលហៅប៉ាវប្រជាពលរដ្ឋយកទៅផ្ទះ ដើរលេងសប្បាយ ៕

ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner