កម្ពុជា បច្ចុប្បន្ន ខុសពីអតីតកាល

(ពោធិ៍សាត់)៖ កម្ពុជា ខុសពីអតីតកាល ព្រោះបច្ចុប្បន្ន កម្ពុជា មានលទ្ធភាព រហូតដល់ផលិតរថយន្ដក្នុងប្រទេស ដើម្បីបម្រើ ទីផ្សារខាងក្នុង ហើយថ្ងៃខាងមុខ អាចមានលទ្ធភាព ផ្គុំនាំចេញទៀត ។ ដូច្នេះ សូមកុំយល់ច្រឡំថា យើងគ្រាន់តែជាប្រទេសកសិកម្ម ។

នេះជាការគូសបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធ ដាក់ឱ្យដំណើរការ ខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃ ទី២២ ខែមេសា ឆ្នាំ២០២៥ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពីប្រទេសដែលនាំចូលសូម្បីតែភេសជ្ជៈមួយកំប៉ុង នៅពេលនេះ កម្ពុជា មានលទ្ធភាព និងសមត្ថភាព ក្នុងការនាំចេញទំនិញ ឬផលិតផលផ្សេងៗ ក្នុងនោះ មានទាំងសមត្ថភាពអាចដំឡើងរថយន្ដដោយខ្លួនឯងផងដែរ ខណៈបច្ចុប្បន្ន កម្ពុជា មានរោងចក្រ ដំឡើងរថយន្ដ ចំនួន៩ ដែលកំពុងដំណើរការ អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេស ក្នុងនោះមាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦ និងនៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣ ។

សម្ដេចនាយករដ្ឋមន្ដ្រី បញ្ជាក់ថា រោងចក្រដំឡើងរថយន្ដទាំងអស់នៅកម្ពុជា គឺប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រើប្រាស់រ៉ូម៉ូត ដែលកូនខ្មែរជាអ្នកបញ្ជា មិនមែនក្រុមហ៊ុន ប្រើប្រាស់កម្លាំងពលកម្មមកពីបរទេសទាំងអស់នោះទេ ។ សម្ដេច ថា អ្វីដែលកាន់តែមោទនភាព ទៀតនោះ គឺរថយន្ដដែលត្រូវបានផលិតនៅកម្ពុជា មានសញ្ញា ឬអក្សរ Made In Cambodia ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា ការបោះជំហានរបស់កម្ពុជា ប្រៀបដូចជំហានគីង្គក់ ដោយដើរសន្សឹមៗ តែបោះជំហានទៅមុខជានិច្ច ហើយសម្ដេចរំពឹងថា នៅថ្ងៃខាងមុខ ក្រៅពីការដំឡើងរថយន្ដហើយនោះ ក្រុមហ៊ុន ក្នុងប្រទេសកម្ពុជា នឹងបោះជំហានបន្ដទៀត ក្នុងការផលិតគ្រឿងបង្គុំដោយខ្លួនឯង ខណៈបច្ចុប្បន្ននេះ គ្រឿងបង្គុំមួយផ្នែក ជាការនាំចូលមកពីក្រៅប្រទេស ។

សូមជម្រាបថា រោងចក្រផ្គុំ និងដំឡើងរថយន្ដ នៅក្នុងប្រទេសកម្ពុជា កំពុងដំណើរការប្រតិបត្តិការ អាជីវកម្មរបស់ខ្លួនមាននៅ តំបន់សេដ្ឋកិច្ចពិសេស រាជធានីភ្នំពេញ, ខេត្តស្វាយរៀង, ខេត្តពោធិ៍សាត់, ខេត្តកោះកុង, ខេត្តបន្ទាយមានជ័យ និងខេត្តកណ្ដាល ៕

ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner