ទាហានហ្វីលីពីន និង អាមេរិកជាង ១ ម៉ឺននាក់ ចាប់ផ្តើមសមយុទ្ធខ្នាតធំ
ម៉ានីល ៖ ទាហានមកពីហ្វីលីពីន និង អាមេរិកជាង ១៤.០០០ នាក់ ចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ចំពេលមានភាពតានតឹងក្នុងតំបន់ និង នៅសមុទ្រចិនខាងត្បូង។
ហ្គេមសង្គ្រាមខ្នាតធំនេះ មានឈ្មោះថា “Balikatan” ឬប្រែថា ប្រកៀកស្មាគ្នា ដែលនឹងដំណើរការរយៈពេល ៣ សប្តាហ៍ រហូតដល់ថ្ងៃទី៩ ខែឧសភាខាងមុខ ក្នុងនោះអាមេរិកនឹងសម្ញែងសព្វាវុធទំនើបៗ មានដូចជាប្រព័ន្ធមីស៊ីលប្រឆាំងនាវា Nmesis និងគ្រាប់រ៉ុក្កែត Himars ជាដើម។
ទន្ទឹមគ្នា យោធាហ្វីលីពីនក៏នឹងសាកល្បងបាញ់កាំជ្រួចទំនើបៗរបស់ខ្លួន ក្នុងសមយុទ្ធបាញ់គ្រាប់ពិតជាមួយភាគីអាមេរិកផងដែរ នេះបើយោងតាមរបាយការណ៍ផ្តល់ឱ្យប្រព័ន្ធផ្សព្វផ្សាយ។
លោកឧត្តមសេនីយឯក James Glynn ដែលជាប្រធានដឹកនាំសមយុទ្ធសម្រាប់ភាគីអាមេរិក បានអះអាងថា សមយុទ្ធនេះមានគោលបំណងគិតគូរពីបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់ទាំងអស់ ដែលយើងប្រឈមមុខនៅថ្ងៃនេះ ដោយចាប់ផ្តើមពីសមុទ្រចិនខាងត្បូង។
ចំណែកលោកឧត្តមសេនីយ Francisco Lorenzo នាយកផ្នែកហ្វឹកហាត់ទាហានហ្វីលីពីនបាននិយាយថា សមយុទ្ធនេះមិនមែនសំដៅលើប្រទេសណាមួយទេ ប៉ុន្តែវាអាចដើរតួជាការរារាំងសង្គ្រាម។
ក្រុមមន្ត្រីនិយាយថា ហ្គេមសង្គ្រាមនេះមានការចូលរួមពីទាហានអាមេរិកប្រហែល ៩.០០០ នាក់ និង ទាហានហ្វីលីពីន ៥.០០០ នាក់ ខណៈមួយចំនួនទៀតមកពីអូស្ត្រាលី ជប៉ុន អង់គ្លេស បារាំង និងកាណាដា ហើយប្រទេសចំនួន ១៦ ផ្សេងទៀតបានចុះឈ្មោះជាអ្នកសង្កេតការណ៍៕



ប្រភព ៖ the strait times ប្រែសម្រួល ៖ ឈឹម ទីណា