ខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋជិត ៦ម៉ឺនបណ្ណ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ចំនួន ៥៩ ៩៥៣បណ្ណ ស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ពិធីចែកបណ្ណកម្មសិទ្ធនេះធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំតម្រង់ទិសរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេស ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងឈានដល់ការប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាក់ស្តែងការប្រកាសបញ្ចប់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ នាពេលនេះ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់នៃក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ ក៏ដូចជារដ្ឋបាលខេត្តក្រុងស្រុកនៃខេត្តកំពង់ស្ពឺ ដែលបានចូលរួមសហការអនុវត្តការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា សមិទ្ធផលជាក់ស្តែងនាថ្ងៃនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់វិវាទដីធ្លីជូនប្រជាពលរដ្ឋ។

ក្នុងរបាយការណ៍ស្វាគមន៍ លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានអោយដឹងថា ដីធ្លីដែលបានវាស់វែងមានលក្ខណៈជាប្រព័ន្ធចប់រួចរាល់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃនេះ ធ្វើពិធីប្រកាសខេត្តកំពង់ស្ពឺបញ្ចប់ការវាស់វែងដីធ្លី ព្រមទាំងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៩២ភូមិ ១៣ឃុំ-សង្កាត់ ៧ក្រុង-ស្រុក មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុសរុបចំនួន ៥៩ ៩៥៣បណ្ណ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner