សិស្សមីយ៉ាន់ម៉ា៦ម៉ឺននាក់ប្រឡងបាក់ឌុបឡើងវិញ ក្រោយក្រដាសកិច្ចការត្រូវបានបំផ្លាញ អំឡុងរញ្ជួយដី

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹង នៅថ្ងៃអង្គារនេះថា សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នៅប្រទេសមីយ៉ាន់ម៉ា ជាង៦០,០០០នាក់ ត្រូវតែប្រឡងឡើងវិញ ក្រោយពេលដែលក្រដាសកិច្ចការរបស់ពួកគេ ត្រូវបានបំផ្លិចបំផ្លាញ អំឡុងគ្រោះរញ្ជួយដី សម្លាប់មនុស្សជាង៣,៧០០នាក់។

ក្រដាសចម្លើយ របស់បេក្ខជន ចំនួន៦២,៩៥៤នាក់ មកពីតំបន់ភាគខាងជើង ដែលត្រូវបានរក្សាទុក ក្នុងអគារសកលវិទ្យាល័យ Mandalay ត្រូវបានភ្លើងឆេះអស់ខ្ទេចខ្ទី ដែលបណ្តាលមកពីការរញ្ជួយដី ៧.៧រិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានអះអាងថា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ម្ដងទៀត សម្រាប់ពួកគេ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែមិថុនា។
បើតាមប្រភព ឱ្យដឹងដែរថា សិស្សប្រហែល១៣ម៉ឺននាក់ បានចុះឈ្មោះប្រឡងបាក់ឌុប កាលពីឆ្នាំមុន។

អង្គការ យូនីសេហ្វ បានប៉ាន់ប្រមាណថា កុមារមីយ៉ាន់ម៉ា ចំនួន២,៧ លាននាក់ កំពុងរស់នៅក្នុងតំបន់ ដែលរងការវាយប្រហារដោយរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការវិភាគ របស់ទីភ្នាក់ងារអវកាសអាមេរិក ហៅកាត់ NASA៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner