ក្រសួងប្រៃសណីយ៍ បើកសិក្ខាសាលាពិនិត្យស៊ីជម្រៅលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំសិក្ខាសាលាពិនិត្យស៊ីជម្រៅលើសេចក្ដីព្រាង “យុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ដោយមានកិច្ចសហការនិងការគាំទ្រពីគណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វ៊ិក (United Nations Economic and Social Commission for Asia and the Pacific – UN-ESCAP)។

សិក្ខាសាលានេះ ឡើងកាលពីថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៥ក្រោមអធិបតីភាព ឯកឧត្ដម កែវ សុទ្ធិ រដ្ឋលេខាធិការ ក.ប.ទ. និងមានការចូលរួមរបស់ លោកស្រី Tiziana Bonapace ប្រធាននាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៃ UN-ESCAP ទីប្រឹក្សាលំដាប់អន្តរជាតិ ប្រតិភូពីនាយកដ្ឋានពាក់ព័ន្ធនៃ UN-ESCAP ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងមន្ត្រីគោលនយោបាយពីគ្រប់អង្គភាពពាក់ព័ន្ធរបស់ ក.ប.ទ.។

សិក្ខាសាលាពិនិត្យស៊ីជម្រៅនេះ មានគោលបំណងពិភាក្សាលម្អិតលើសេចក្ដីព្រាង “យុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ដែលក្រុមការងារ ក.ប.ទ. បានរៀបចំអស់រយៈពេលជាងមួយឆ្នាំតាមរយៈកិច្ចប្រជុំផ្ទៃក្នុងចំនួន១២លើក ដើម្បីធ្វើឱ្យសេចក្ដីព្រាងនេះកាន់តែមានភាពល្អប្រសើរ មានសង្គតិភាពជាមួយនឹងរបៀបវារៈគោលនយោបាយជាតិនិងស្របតាមនិន្នាការតំបន់និងអន្តរជាតិ។ អង្គសិក្ខាសាលាបានពិភាក្សាស៊ីជម្រៅលើគ្រប់ផ្នែកនៃសេចក្ដីព្រាងយុទ្ធសាស្ត្រ រួមមានចក្ខុវិស័យ ប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត និងយុទ្ធសាស្ត្រជាអាទិភាព ព្រមទាំងវិធីសាស្ត្រជំរុញឱ្យយុទ្ធសាស្ត្រនេះអនុវត្តបានប្រកបដោយជោគជ័យ សំដៅទាញយកផលប្រយោជន៍ជាអតិបរមា ក៏ដូចជាកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃបញ្ញាសិប្បនិម្មិត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។

ក្នុងឱកាសនៃការបំពេញភារកិច្ចនៅកម្ពុជា លោកស្រី Tiziana Bonapace បានដឹកនាំគណៈប្រតិភូ UN-ESCAP ចូលជួបសម្ដែងការគួរសមជូនចំពោះ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ.។ លោកស្រីបានគោរពថ្លែងអំណរគុណ ឯកឧត្ដមរដ្ឋមន្ត្រី ចំពោះការផ្ដល់ឱកាសសហការរវាង UN-ESCAP និង ក.ប.ទ. និងគូសបញ្ជាក់អំពីការគាំទ្ររបស់ថ្នាក់ដឹកនាំ UN-ESCAP ចំពោះការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិតរបស់កម្ពុជា ដែលមាន ក.ប.ទ. ជាក្រសួងនាំមុខលើកិច្ចការនេះ។ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ UN-ESCAP ចំពោះការគាំទ្រកម្ពុជាក្នុងការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត និងបានជម្រាបលោកស្រីអំពីតួនាទីនិងសមិទ្ធផលការងាររបស់ ក.ប.ទ. ដើម្បីគូសរំលេចពីសក្ដានុពលនៃកិច្ចសហការបន្តរវាងស្ថាប័នទាំងពីរ។

សូមជម្រាបថា ក្រោយក្រុមការងារ ក.ប.ទ. បានបញ្ចប់ការតាក់តែង សេចក្ដីព្រាងនៃយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិតត្រូវបានដាក់ពិគ្រោះយោបល់ជាមួយអ្នកបច្ចេកទេសនៃ UN-ESCAP ចំនួន២លើក កាលពីថ្ងៃទី១៩ ខែកុម្ភៈ និងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ និងបានកែសម្រួលជាកំណែទី២ មុននឹងដាក់ចូលសិក្ខាសាលាពិនិត្យស៊ីជម្រៅ នេះ។ សេចក្ដីព្រាងដែលបានពិនិត្យនិងកែសម្រួលក្រោយសិក្ខាសាលាស៊ីជម្រៅនេះ នឹងត្រូវដាក់ពិគ្រោះយោបល់ប្រមូលធាតុចូលជាមួយក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ រួមទាំងគ្រឹះស្ថានឧត្តមសិក្សា ក្នុងខែឧសភា ព្រមទាំងពិនិត្យក្នុងសិក្ខាសាលាថ្នាក់ជាតិដែលគ្រោងធ្វើនៅខែមិថុនាខាងមុខ។

ក្នុងករណីអ្នកជំនាញ វិស័យឯកជន គ្រឹះស្ថានសិក្សានិងស្រាវជ្រាវ ឬអង្គការដៃគូមានចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងដំណើរការរៀបចំយុទ្ធសាស្ត្រជាតិនេះ សូមទាក់ទងមក [email protected] ដើម្បីសាកសួរព័ត៌មានបន្ថែម៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner