ក្រសួងព័ត៌មានបើកធ្វើជំរឿនមន្ត្រីរាជការស៊ីវិល ដើម្បីគ្រប់គ្រងទិន្នន័យ និងស្ថានភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា
(ភ្នំពេញ)៖ ការធ្វើជំរឿនមន្ត្រីរាជការគឺពិតជាមានសារៈសំខាន់ក្នុងការជួយពង្រឹងសមត្ថភាពដល់មន្រ្តីរាជការផ្នែកកិច្ចការព័ត៌មាន សរសេរព័ត៌មាន ឱ្យមានគុណភាព ប្រសិទ្ធភាព រហ័ស ផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ និងការងារគ្រប់គ្រងព័ត៌មាន។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ថ្លែងក្នុងពិធីបើកធ្វើជំរឿន មន្ត្រីរាជការស៊ីវិល នៃក្រសួងព័ត៌មាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រងទិន្នន័យ និងស្ថានភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រាឱ្យដឹងថា ការចុះធ្វើជំរឿនមន្រ្ដីរាជការក្រសួងព័ត៌មានគឺ ដើម្បីឱ្យការពង្រាយមន្ត្រីបំពេញការងារឱ្យត្រូវជំនាញច្បាស់លាស់ និងអាចធ្វើការវាយតម្លៃបានពីគុណភាពធនធានមនុស្សនៅក្នុងវិស័យព័ត៌មានប្រកបដោយគុណភាព និងលើការងារសមរភូមិសតិអារម្មណ៍។
ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការធ្វើជំរឿនមន្ត្រីរាជការនៃក្រសួងព័ត៌មាននាពេលនេះ គឺឱ្យបានសម្រេចជោគជ័យ និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ហើយនេះក៏ជាការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងសម័យឌីជីថល និងក៏ជាភាពចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពព័ត៌មានជូនដល់សាធារណជន និងទប់ស្កាត់ប្រឆាំងព័ត៌មានក្លែងក្លាយ ។
ឯកឧត្តមរដ្ឋមន្រ្ដីបានឱ្យដឹង ទាក់ទងនឹងចំនួនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងព័ត៌មាន ដែលមានសរុបចំនួន ២ ៧៦៩ រូប ក្នុងនោះស្រ្តី ១ ០០២ រូប ហើយអ្វីដែលក្រសួងព័ត៌មានត្រូវធ្វើនៅក្នុងអាណត្តិទី៧នេះ គឺការពង្រឹងស្ថាប័ន ការពង្រឹងសមត្ថភាពមន្រ្តី និងការលើកទឹកចិត្ត គឺជាចំណុចសំខាន់នៃដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ។
ឯកឧត្ដម នេត្រ ភក្រ្ដា បានថ្លែងឱ្យដឹងបន្ថែមថាការបន្តកំណែទម្រង់ស៊ីជម្រៅ ដោយផ្តោតលើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ពង្រឹងប្រសិទ្ធភាពស្ថាប័ន និងគុណភាពការងារ ការអភិវឌ្ឍមូលដ្ឋានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ការពង្រឹងការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការជាមួយដៃគូ និងកិច្ចគាំពារមន្ត្រីដោយប្រកាន់គោលការណ៍គុណាធិបតេយ្យ និងមានសមត្ថភាពត្រូវផ្ដល់ការលើកទឹកចិត្ត៕
ដោយ ៖ ម៉ាដេប៉ូ




