លោក Musk ថយដៃជួយលោក Trump ខណៈចំណូល Tesla ធ្លាក់ខ្លាំង
វ៉ាស៊ីនតោន ៖ លោក Elon Musk និយាយថា លោកនឹងកាត់បន្ថយការងារក្នុងរដ្ឋបាលលោក Trump នៅក្នុងខែឧសភា ដើម្បីទុកពេលជួយក្រុមហ៊ុន Tesla ដែលប្រាក់ចំណូលធ្លាក់ចុះខ្លាំងមិនធ្លាប់មានដល់ទៅ ៧១% ក្នុងត្រីមាសទី១។
លោក Musk បានបញ្ជាក់យ៉ាងដូច្នេះថា ចាប់ពីខែក្រោយ ការបែងចែកពេលវេលារបស់លោក បម្រើឲ្យនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) នឹងធ្លាក់ចុះខ្លាំង។
ការអត្ថាធិប្បាយនេះរបស់លោក Musk កើតឡើងនៅពេលដែល Tesla បានរាយការណ៍ពីប្រាក់ចំណេញត្រឹម ៤០៩ លានដុល្លារនៅត្រីមាសទី១ ដោយសារការលក់ឡានអគ្គិសនីដាំក្បាលចុះខ្លាំង។
ទន្ទឹមគ្នា អ្នកវិភាគយល់ឃើញថា ការលក់ធ្លាក់ចុះ និង ការប៉ះពាល់មុខមាត់ស្លាកយីហោ Tesla គឺបណ្តាលមកពីការធ្វើការងាររបស់លោក Musk ឲ្យលោកប្រធានាធិបតី Donald Trump ក្នុងការកាត់បន្ថយកម្លាំងពលកម្មសហព័ន្ធរបស់សហរដ្ឋអាមេរិក។
ជាពិសេសការផ្ទុះបាតុកម្មប្រឆាំងនឹងក្រុមហ៊ុន Tesla ទាំងនៅសហរដ្ឋអាមេរិក និង អឺរ៉ុប។ ទោះជាយ៉ាងណា លោក Musk មានសុទិដ្ឋិនិយមលើការរំពឹងទុករយៈពេលវែងសម្រាប់ Tesla ដោយបង្ហាញពីភាពជាអ្នកដឹកនាំរបស់ខ្លួន នៅក្នុងវិស័យសំខាន់ៗ ដូចជាមនុស្សយន្ត ការបើកបរដោយស្វ័យភាព និងបញ្ញាសិប្បនិម្មិត AI ជាដើម៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា