ឥណ្ឌាប្តេជាតាមប្រមាញ់ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ២៦ នាក់នៅកាស្មៀរដល់ចុងផែនដី
ញូវដែលី ៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ប្តេជ្ញាតាមប្រមាញ់ដល់ចុងផែនដី និង ដាក់ទោសខ្មាន់កាំភ្លើងបាញ់សម្លាប់ជនស៊ីវិល ២៦ នាក់នៅតំបន់កាស្មៀរកាលពីថ្ងៃអង្គារ និង បានចោទប្រកាន់ប៉ាគីស្ថានថា គាំទ្រ “អំពើភេរវកម្មឆ្លងដែន”។
លោក Modi បាននិយាយយ៉ាងដូច្នេះថា ខ្ញុំសូមប្រកាសទៅកាន់ពិភពលោកទាំងមូលថា ឥណ្ឌានឹងកំណត់អត្តសញ្ញាណ តាមប្រមាញ់ និងដាក់ទណ្ឌកម្មគ្រប់ពួកភេរវករ និងអ្នកគាំទ្ររបស់ពួកគេ។ យើងនឹងដេញតាមកម្ចាត់ពួកគេរហូតដល់ចុងផែនដី។
បើតាមសេចក្តីរាយការណ៍ ប៉ូលិសឥណ្ឌាបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើរត់គេចខ្លួន បានមួយចំនួនហើយ ក្នុងនោះពីរនាក់ជាជនជាតិប៉ាគីស្ថាន។ប៉ូលិសក៏បានប្រកាសផ្តល់លុយរង្វាន់ចំនួន ២៣.៥០០ ដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង។
ឥណ្ឌាបានប្រកាសផ្អាកសន្ធិសញ្ញាបែងចែកការប្រើប្រាស់ទឹកទន្លេ Indus ព្រមទាំងបិទព្រំដែនគោកជាមួយប៉ាគីស្ថាន បន្ថយទំនាក់ទំនងទូត និងលុបចោលការផ្ដល់ទិដ្ឋាការដល់ពលរដ្ឋប៉ាគីស្ថាន កាលពីយប់ថ្ងៃពុធ ក្រោយខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្ស ២៦ នាក់ នៅតំបន់កាស្មៀរ ផ្នែកគ្រប់គ្រងដោយឥណ្ឌា។
ជាការឆ្លើយតប ប៉ាគីស្ថានក៏បានចាត់វិធានការសងសឹកវិញកាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះរួមមានការបណ្ដេញមន្ត្រីការទូតឥណ្ឌាមួយចំនួន និងលុបចោលការផ្ដល់ទិដ្ឋាការឱ្យពលរដ្ឋឥណ្ឌា លើកលែងតែជនជាតិ Sikh៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា