រដ្ឋលេខាធិការក្រសួងអធិការកិច្ច៖អ្នកប្រើប្រាស់ផ្លូវត្រូវបង្កើនស្មារតីគោរពច្បាប់ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ គ្រោះថ្នាក់ ចរាចរណ៍
កំពត៖ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅក្រុងកំពតកាលពីចុងសប្ដាហ៍កន្លងទៅនេះលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានលើកឡើងថា រដ្ឋាភិបាលអាណត្តិមុនដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ជាអាទិភាពចំពោះបញ្ហាចរាចរណ៍ ទាំងការអប់រំ ការបង្ការ ការទប់ស្កាត់ និងការចាត់វិធានការផ្សេងៗ រួមទាំងវិធានការច្បាប់។
លោកជំទាវបន្ថែមថា ការងារទាំងនោះ បានបន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តែងតែក្រើនរំលឹក ឱ្យមន្ត្រីអនុវត្តច្បាប់ឱ្យពង្រឹងការអនុវត្តច្បាប់ និងការត្រួតពិនិត្យ ព្រមទាំងបានចេញបទបញ្ជាឱ្យអនុវត្តច្បាប់ ចំពោះអ្នកបើកបរទាំងឡាយណា ដែលប្រព្រឹត្តបទល្មើសចរាចរណ៍ជាក់ស្តែង ត្រូវតែអនុវត្តតាមច្បាប់ឱ្យបានត្រឹមត្រូវដោយកុំខ្លាចការអន្តរាគមន៍ ព្រោះមាននាយករដ្ឋមន្រ្តីជាបង្អែក។
លោកជំទាវបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយបើកបរត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។
ចំណែកលោក ពេញ ធារម្យ អភិបាលរងខេត្តកំពត បានលើកទឹកចិត្តឱ្យសិស្សានុសិស្ស និងយុវជនក្រៅពីខិតខំសិក្សាត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីធ្វើជាពលរដ្ឋគំរូ ត្រូវជួយផ្សព្វផ្សាយច្បាប់នេះបន្ត ដល់បងប្អូន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន៕
ដោយ៖ សិលា សារិន