ក្រុមហ៊ុនរថយន្ត BYD របស់ចិនចាប់ផ្តើមសាងសង់រោងចក្រនៅកម្ពុជក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ
(ភ្នំពេញ)៖ ក្រុមហ៊ុនរថយន្តអគ្គិសនី BYD របស់ចិន បើកការដ្ឋានសង់រោងចក្រដំឡើងរថយន្តនៅកម្ពុជានាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះហើយ ស្ថិតនៅក្នុង ទីតាំងរោងចក្រស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
កម្ពុជានឹងមានលទ្ធភាពដំឡើងរថយន្ត EV ចំនួន ១ម៉ឺនគ្រឿងក្នុងឆ្នាំ២០២៥នេះ ជាមួយនឹងការបើករោងចក្រដំឡើងរថយន្តអគ្គិសនីចិន BYD ដំបូងបង្អស់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ ក្រុមហ៊ុន BYD CAMBODIA CO., LTD. ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
រោងចក្រដដែលរំពឹងថានឹងដំឡើងរថយន្តចំនួន២ប្រភេទ គឺរថយន្ដ BYD EV ប្រើអគ្គិសនីសុទ្ធ និងរថយន្ដ BYD Hybrid ដែលអាចប្រើប្រាស់ទាំងសាំង និងអគ្គិសនី
គួរបញ្ជាក់ថា ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ និងមានទីស្នាក់ការនៅក្រុង Shenzhen ប្រទេសចិន។ នៅឆ្នាំ២០២២ ក្រុមហ៊ុន BYD បានផលិតរថយន្ត ចំនួន ៣លានគ្រឿង និងមានសាខានៅ ៧០ប្រទេស។ នៅទ្វីបអាស៊ី ក្រុមហ៊ុន BYD មានរោងចក្រផលិត និងដំឡើងរថយន្តនៅប្រទេសចិន ថៃ ឥណ្ឌា និងឥណ្ឌូណេស៊ី។
ក្រុមហ៊ុន BYD Asia Pacific Auto Sales Division មានគម្រោងសាងសង់រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា ដែលអាចមានសមត្ថភាពដំឡើងរថយន្តចំនួន ២០ ០០០គ្រឿងក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទីផ្សារអន្តរជាតិ ៕
ដោយ ៖ ង៉ាន់ ទិត្យ

