Gaza ស្លាប់ ៥០នាក់ ទៀត ព្រោះស្នាដៃអ៊ីស្រាអែល
បរទេស ៖ ក្រុមអ្នកជួយសង្គ្រោះ នៅតំបន់ ហ្គាហ្សា (Gaza) បាននិយាយថា ការវាយប្រហារ របស់អ៊ីស្រាអែល បានបន្តសម្លាប់មនុស្ស ៥០នាក់ បន្ថែមទៀត កាលពីថ្ងៃអាទិត្យ។
មន្ត្រីការពារស៊ីវិល លោក Mohammed al-Mughayyir បានប្រាប់ AFP ថា ការវាយប្រហារ ជាបន្តបន្ទាប់ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប មានចាប់តាំងពីព្រឹកព្រលឹម។ អ្នកស្លាប់ រួមមានទាំងមនុស្ស ៩នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ទៅលើជនស៊ីវិលមួយក្រុម នៅភាគខាងកើត នៃទីក្រុង Gaza។ មន្ទីរពេទ្យ នៅភាគខាងត្បូង នៃទីក្រុង Khan Yunis បាននិយាយថា ខ្លួនបានទទួលសាកសពមនុស្ស ៧នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ លើផ្ទះមួយកន្លែង។ រីឯ មន្ទីរពេទ្យនៅ al-Awda បាននិយាយថា ខ្លួនបានទទួលសាកសពចំនួន ៤នាក់ និងមនុស្សរងរបួសជាច្រើននាក់ អំឡុងការវាយប្រហារលើហាងកាហ្វេ មួយកន្លែង នៅជិតជំរំ Bureij កណ្តាល។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធា របស់ខ្លួនឡើងវិញ នៅតំបន់ហ្គាហ្សាស្ទ្រីប នៅថ្ងៃទី១៨ ខែមីនា។ កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានផ្អាកការប្រយុទ្ធបាន២ខែ ប្រែជាបរាជ័យវិញ ដោយសារការខ្វែងគំនិតគ្នា ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ដែលបានវាយប្រហារអ៊ីស្រាអែល នៅឆ្នាំ២០២៣ និងបង្កឱ្យមានសង្រ្គាម មកដល់ពេលបច្ចុប្បន្ន។
អ៊ីស្រាអែលនិយាយថា យុទ្ធនាការយោធាជាថ្មីរបស់ខ្លួន មានគោលបំណង បង្ខំក្រុមហាម៉ាស ឲ្យដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់។
ក្រសួងសុខាភិបាល នៅតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យ បានបង្កើនចំនួនអ្នកស្លាប់សរុប ដល់ចំនួន ៥២,២៤៣នាក់ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
