ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត.ក្រុង.ស្រុក.ខណ្ឌ.អាណត្តិទី៣ឆ្នាំ២០១៩ នៅខណ្ឌ៧មករា ក្រុងភ្នំពេញ ស្ថិតក្នុងបរិវេណវិទ្យាល័យបាក់ទូក ដំណើរការយ៉ាងរលូន និងជោគជ័យ
ភ្នំពេញ: ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត.ក្រុង.ស្រុក.ខណ្ឌ.អាណត្តិទី៣ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ នៅខណ្ឌ៧មករា នៅក្នុងបរិវេណវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការ និងបិទបញ្ចប់ទៅដោយរលូន និងមានភាពល្អប្រសើរ ។
លោក សុខ គឹមសួរ ប្រធានការិយាល័យបោះឆ្នោតលេខ០០០៣ នៅមណ្ឌលខណ្ឌ៧មករាបានមានប្រសាសន៍ថា គិតត្រឹមម៉ោង៧:០០នាទី អង្គបោះឆ្នោតបានមកដល់គ្រប់ៗគ្នា តំរង់ជួររួចជាស្រេច ។ លោកបន្តថា នៅការិយាល័យបោះឆ្នោតលេខ០០០៣ នៅមណ្ឌលខណ្ឌ៧មករានេះ មានអង្គបោះឆ្នោតចូលរួមមានចំនួន៧០រូប និងមានចំនួនអ្នកបានមកបោះឆ្នោតសរុប៧០រូប ដែលគិតជាភាគរយស្មើនឹង១០០ភាគរយ ។ លោកបានបន្ថែមថា ការបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ០០០៣នេះដែរ មានគណបក្សនយោបាយចូលរួមចំនួន២ ក្នុងនោះរួមមាន ទី១គណបក្សប្រជាជនកម្ពុជា និងទី២គណបក្សសញ្ជាតិកម្ពុជា ហើយមានតែមួយមណ្ឌលប៉ុណ្ណោះ និងបានបិទបញ្ចប់ជាផ្លូវការនៅម៉ោងប្រមាណ៨និង១៥នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ។
ក្រោយការរាប់សន្លឹកឆ្នោតរបស់ក្រុមប្រឹក្សាខណ្ឌ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន៧០សម្លេង និងគណបក្សសញ្ជាតិកម្ពុជាទទួលបានសូន្យសម្លេង ។ ហើយបន្ទាប់ពីរាប់សន្លឹកឆ្នោតក្រុមប្រឹក្សារាជធានីភ្នំពេញបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន៧០សម្លេង ស្របពេលគណបក្សចំនួន៤ទៀត រួមមាន គណបក្សយុវជនកម្ពជា គណបក្សសញ្ជាតិកម្ពុជា គណបក្សឆន្ទ:ខ្មែរ និងគណបក្សហ្វុនស៊ិនប៉ិចទទួលបានសូន្យសម្លេង ។
សូមជម្រាបថា ការិយាល័យបោះឆ្នោត ២០៣ការិយាល័យ នៅទូទាំងប្រទេស បានបើកទ្វារហើយ នៅព្រឹក ថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហៅកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ ។ ដំណើរការបោះឆ្នោត នេះចាប់ផ្តើម ពីម៉ោង៧៖០០នាទី រហូតដល់ម៉ោង៣រសៀលថ្ងៃដដែលនេះ ។
យោងតាម គ.ជ.ប បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះ មានគណបក្ស នយោបាយចូលរួមប្រកួតប្រជែងចំនួន៧ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរ រួបរួមជាតិ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សសញ្ជាតិកម្ពុជា ។
សម្រាប់អាសនៈសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវបោះឆ្នោតជ្រើសរើសមានចំនួនសរុប ៤,១១៤អាសនៈ។ ក្នុងនោះអាសនៈក្រុមប្រឹក្សារាជធានី-ខេត្ត (២៥) មានចំនួន ៥៥៩អាសនៈ, ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន២០៣ មានអាសនៈចំនួន ៣,៥៥៥អាសនៈ ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងផងដែរថា បេក្ខភាពឈរឈ្មោះបោះឆ្នោត មកពីគណបក្ស នយោបាយទាំង៧ មានចំនួនសរុប ២១,៦៩២នាក់ នារី ៧,២៧៨នាក់ ។ ក្នុងនោះពេញសិទ្ធិមានចំនួន ១០,៦៩៨នាក់ នារី ៣,២២០នាក់ និងបម្រុង ១០,៩៩៤នាក់ នារី ៤,០៥៨នាក់ ។
ដោយឡែកអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ/សង្កាត់ (១,៦៤៦ឃុំ/សង្កាត់) មានចំនួនសរុប ១១,៥៧២នាក់ នារី ២,៣៨២ ។
គ.ជ.ប បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះ ក៏មានការអញ្ជើញចូលរួមសង្កេត ការណ៍ ដំណើរការបោះឆ្នោតពីអង្គការ សមាគមក្រៅរដ្ឋាភិបាលចំនួន១៩ មានសមាជិករហូតដល់ប្រមាណ ១,០១០ នាក់ ៕